អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយថា ទីក្រុងមូស្គូ បានចេញការព្រមានដល់រដ្ឋតំបន់បាល់ទិក បន្ទាប់ពីមានរបាយការណ៍អំពីបំណងរបស់ប្រទេសតំបន់នោះក្នុងការបើកដែនអាកាសដល់យានដ្រូនរបស់អ៊ុយក្រែនដែលវាយប្រហារលើរុស្ស៊ី។

លោកស្រី បាននិយាយថា «រុស្ស៊ីបានចេញការព្រមានពិសេសដល់រដ្ឋតំបន់បាល់ទិកទាក់ទងនឹងការសម្រេចចិត្តរបស់ពួកគេក្នុងការបើកជើងមេឃសម្រាប់ការឆ្លងកាត់នៃយានដ្រូនរបស់អ៊ុយក្រែនក្នុងអំឡុងពេលវាយប្រហារលើសហព័ន្ធរុស្ស៊ី»។ លោកស្រី បាននិយាយបន្ថែមថា ប្រសិនបើរដ្ឋបាល់ទិក មិនអើពើទៅនឹងការព្រមានរបស់រុស្ស៊ី ហើយបន្តសកម្មភាពបែបនេះ ពួកគេនឹងប្រឈមវិធានការសងសឹក។
ព័ត៌មានអំពីការបើកដែនអាកាសជាផ្លូវការរបស់ប្រទេសឡាតវី លីទុយអានី និងអេស្តូនី ដល់យានដ្រូនរបស់អ៊ុយក្រែនត្រូវបានរាយការណ៍នៅថ្ងៃទី២៦ ខែមីនា តាមរយៈបណ្តាញ Telegram Mash។ ទោះជាយ៉ាងណា ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោកស្រី Kaja Kallas រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រទេសអេស្តូនី លោក Igor Taro និងក្រសួងការពារជាតិឡាតវី សុទ្ធតែបានច្រានចោលការអះអាងទាំងនេះ។
