យោងតាមការវាយតម្លៃរបស់ចារកម្មអ៊ុយក្រែន បានឲ្យដឹងថា ផ្កាយរណបរុស្ស៊ី បានផ្ដិតរូបភាពយ៉ាងលម្អិតរាប់សិបនៃទីតាំងយោធា និងទីតាំងសំខាន់ៗ នៅទូទាំងតំបន់មជ្ឈិមបូព៌ា ដើម្បីជួយអ៊ីរ៉ង់វាយប្រហារកងកម្លាំងអាមេរិក និងគោលដៅផ្សេងទៀត។
ការសន្និដ្ឋានដែលត្រូវបានពិនិត្យដោយសារព័ត៌មាន Reuters ក៏បានរកឃើញផងដែរថា ក្រុមចោរព័ត៌មានវិទ្យារុស្ស៊ី និងអ៊ីរ៉ង់ កំពុងសហការគ្នាលើប្រព័ន្ធអ៊ីនធឺណិត។ ពួកវាតំណាងឲ្យព័ត៌មានលម្អិតបំផុត រហូតមកដល់ពេលនេះ អំពីរបៀបដែលរុស្ស៊ីបានផ្តល់ការគាំទ្រសម្ងាត់ដល់អ៊ីរ៉ង់ ចាប់តាំងពីអ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានចាប់ផ្តើមការវាយប្រហាររួមគ្នា កាលពីថ្ងៃទី២៨ ខែកុម្ភៈ។

ការវាយតម្លៃដែលមិនមានកាលបរិច្ឆេទ បានឲ្យដឹងថា ផ្កាយរណបរុស្ស៊ី បានផ្ដល់រូបភាពលម្អិតយ៉ាងហោចណាស់ ២៤ ពាក់ព័ន្ធនឹងតំបន់នានា នៅក្នុងប្រទេសមជ្ឈិមបូព៌ាចំនួន ១១ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែមីនា ដោយគ្របដណ្តប់លើ «វត្ថុ« ចំនួន ៤៦ ដែលរួមមានមូលដ្ឋានយោធា និងទីតាំងផ្សេងទៀតរបស់សហរដ្ឋអាមេរិក រួមទាំងអាកាសយានដ្ឋាន និងតំបន់វាលទាញយកប្រេងផងដែរ។
ការវាយតម្លៃនេះបានបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីត្រូវបានផ្ដិតយករូបភាពលម្អិត មូលដ្ឋានយោធា និងទីស្នាក់ការកណ្តាល ត្រូវបានកំណត់គោលដៅដោយមីស៊ីលបាលីស្ទិក និងយានដ្រូនរបស់អ៊ីរ៉ង់ ជាអ្វីដែលការវាយតម្លៃនោះបានពិពណ៌នាថា ជាគំរូច្បាស់លាស់។
ប្រភពយោធាលោកខាងលិច និងប្រភពសន្តិសុខតំបន់ដាច់ដោយឡែកមួយ បានប្រាប់សារព័ត៌មាន Reuters ថា ចារកម្មរបស់ពួកគេ ក៏បានបង្ហាញពីការមានសកម្មភាពយ៉ាងខ្លាំងនៃផ្កាយរណបរុស្ស៊ី នៅក្នុងតំបន់នេះ ហើយថា រូបភាពត្រូវបានចែករំលែកជាមួយអ៊ីរ៉ង់។
រុស្ស៊ី និងអ៊ីរ៉ង់ បានពង្រឹងទំនាក់ទំនងផ្នែកយោធា ចាប់តាំងពីប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានបញ្ជាឲ្យមានការឈ្លានពានទ្រង់ទ្រាយធំលើអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២៕

