អង្គការសុខភាពពិភពលោក(WHO)និយាយថា ការជម្លៀសផ្នែកវេជ្ជសាស្រ្ត ត្រូវបានផ្អាកនៅតំបន់ហ្កាហ្សា ក្រោយកម្មករជាប់កិច្ចសន្យាម្នាក់ ដែលផ្តល់សេវាកម្មជូន WHOត្រូវបានសម្លាប់កាលពីថ្ងៃចន្ទ អំឡុងឧបទ្ទេវហេតុសន្តិសុខ ។
លោក Christian Lindmeier គឺជាអ្នកនាំពាក្យអង្គការ WHOនិយាយប្រាប់ក្រុមអ្នកសារព័ត៌មាននៅទីក្រុងសហ្សឺណែវ ប្រទេសស្វីសនាថ្ងៃអង្គារនេះថា បន្ទាប់ពីឧបទ្ទេវហេតុកាលពីថ្ងៃចន្ទ អង្គការ WHO បានផ្អាកការជម្លៀសផ្នែកវេជ្ជសាស្រ្ត សម្រាប់អ្នកជំងឺចេញពីតំបន់ហ្កាហ្សា ឆ្លងកាត់ច្រកព្រំដែន Rafahចូលទៅក្នុងប្រទេសអេហ្ស៊ីប ។
លោកថា ការជម្លៀសផ្នែកវេជ្ជសាស្រ្តនេះ នឹងបន្តផ្អាករហូតដល់មានការជូនដំណឹងបន្ថែមទៀត ។
លោក Lindmeier និយាយដោយពុំបានបញ្ជាក់លម្អិតពីឧបទ្ទេវហេតុនេះថា សមាជិក WHOចំនួន ២រូប បានមានវត្តមាននៅទីនោះផងដែរ ប៉ុន្តែពួកគេមិនរងរបួសនោះទេ ។
លោកនិយាយទៀតថា ពួកយើងសូមចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារ មនុស្សជាទីស្រលាញ់ និងសហការីរបស់កម្មករដែលត្រូវបានសម្លាប់ ។ ឧបទ្ទេវហេតុនេះ បច្ចុប្បន្នកំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់ក្រុមអាជ្ញាធរពាក់ព័ន្ធ ៕