យោធាកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងបានបាញ់អាវុធមិនស្គាល់អត្តសញ្ញាណមួយគ្រាប់ឆ្ពោះទៅសមុទ្រក្បែរឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួននៅថ្ងៃពុធ ៨មេសាសប្ដាហ៍នេះ បន្ទាប់ពីការបាញ់ដាច់ដោយឡែកមួយដែលត្រូវបានរកឃើញមួយថ្ងៃមុន ខណៈទីក្រុងព្យុងយ៉ាងបានបំបាត់ក្តីសង្ឃឹមរបស់ទីក្រុងសេអ៊ូលក្នុងការបន្ធូរបន្ថយភាពតានតឹង។

យោធាកូរ៉េខាងត្បូងបាននិយាយដោយឡែកពីគ្នាថា ខ្លួនបានរកឃើញការបាញ់អាវុធដែលសង្ស័យថាជាមីស៊ីលបាលីស្ទីកពីតំបន់ទីក្រុងព្យុងយ៉ាងក្នុងប្រទេសកូរ៉េខាងជើងកាលពីថ្ងៃអង្គារ។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូង ដោយដកស្រង់សម្តីមន្ត្រីយោធាថា មីស៊ីលដែលបានបាញ់កាលពីថ្ងៃអង្គារ បានហោះទៅទិសខាងកើតមុនពេលបង្ហាញសញ្ញានៃភាពមិនប្រក្រតីនៅដំណាក់កាលដំបូងនៃការហោះហើរ និងបាត់ស្រមោល។
សារព័ត៌មាន Yonhap បានរាយការណ៍ថា នាយសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងគិតថា វត្ថុនោះជាមីស៊ីលផ្លោង ដែលអាចចាត់ទុកថាជាការបរាជ័យបន្ទាប់ពីការបាញ់។

កូរ៉េខាងត្បូងជាធម្មតាប្រកាសពីការបាញ់មីស៊ីលផ្លោងរបស់កូរ៉េខាងជើងភ្លាមៗ ដោយសារការសាកល្បងបែបនេះរំលោភលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ខណៈខ្លួនបង្កើនការប្រុងប្រយ័ត្នជាងមុននៅពេលវត្ថុនោះត្រូវគេជឿថាជាអាវុធ ឬមីស៊ីលតម្រង់គោលដៅ។
ក្រសួងបង្រួបបង្រួមរបស់ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃអង្គារ៧ មេសា សប្ដាហ៍នេះ បានឲ្យដឹងថា ការឆ្លើយតបដ៏កម្ររបស់កូរ៉េខាងជើង ចំពោះការបង្ហាញការសោកស្តាយរបស់ប្រធានាធិបតីលោក Lee Jae Myung ពាក់ព័ន្ធនឹងការលុកលុយដោយយានដ្រូន គឺជា «វឌ្ឍនភាពដ៏មានអត្ថន័យ» ឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងផ្នែកយោធា៕