សៀមរាប៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានព្រមានមិនអត់ឱន និងចាត់វិធានការយ៉ាងតឹងរឹងបំផុត ចំពោះបុគ្គលណាដែលមានចេតនាចង់បំផ្លិចបំផ្លាញសុខសន្តិភាព ដែលប្រទេសកម្ពុជាកំពុងមានសព្វថ្ងៃនេះ។
ការព្រមានជាថ្មីនេះធ្វើឡើងនៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២នេះ ក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាល និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែប្រវែងសរុប ១០៨,៧៥ គីឡូម៉ែត្រ និងសមិទ្ធផលនៃការស្តារ កែលម្អដងស្ទឹងសៀមរាប នៅក្រុងសៀមរាប ខេត្តសៀមរាប។
សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា បុគ្គលដែលមកពីគណបក្សនយោបាយណាក៏ដោយ អាចថែរក្សានូវសុខសន្តិភាពបានដូចគ្នា ប៉ុន្តែបើបុគ្គលណាដែលប្រាថ្នាចង់បំផ្លិចបំផ្លាញនូវសុខសន្តិភាព គឺមិនបាននោះឡើយមិនថាអ្នកឯងមកពីណាទេ គឺត្រូវតែកម្ទេចចោលភ្លាមៗតែម្តង៕