អនុប្រធានាធិបតីអាមេរិក លោក J.D. Vance នៅថ្ងៃពុធ (ទី៨ ខែមេសា ឆ្នាំ២០២៦) នេះ បានរិះគន់មេដឹកនាំអឺរ៉ុប ក្នុងការមិនបានធ្វើឲ្យគ្រប់គ្រាន់ ដើម្បីព្យាយាមបញ្ចប់ជម្លោះអ៊ុយក្រែន ដោយបន្ថែមថា វាគឺជា «បញ្ហាពិបាកដោះស្រាយបំផុត»។
នៅថ្ងៃទី៨ ខែមេសានេះ ទីក្រុងគីវបានអំពាវនាវឲ្យសហរដ្ឋអាមេរិកដាក់សម្ពាធលើរុស្ស៊ី ដើម្បីឲ្យបញ្ចប់ការឈ្លានពានរបស់ខ្លួនលើអ៊ុយក្រែន ដោយលើកឡើងថា កិច្ចព្រមព្រៀងឈប់បាញ់របស់ទីក្រុងវ៉ាស៊ីនតោនជាមួយប្រទេសអ៊ីរ៉ង់ បានបង្ហាញពីភាពជោគជ័យនៃ «ការសម្រេចចិត្ត» របស់សហរដ្ឋអាមេរិក។
ក្នុងអំឡុងពេលធ្វើទស្សនកិច្ច នៅប្រទេសហុងគ្រី លោក Vance បាននិយាយថា៖ «យើងមានការខកចិត្ត ចំពោះថ្នាក់ដឹកនាំនយោបាយជាច្រើន នៅអឺរ៉ុប ពីព្រោះពួកគេហាក់ដូចជាមិនចាប់អារម្មណ៍ជាពិសេស ក្នុងការដោះស្រាយជម្លោះជាក់លាក់នោះទេ»។
លោកបានបញ្ជាក់ថា កិច្ចប្រឹងប្រែង ដើម្បីដោះស្រាយជម្លោះនេះ បានឃើញ «វឌ្ឍនភាពគួរឲ្យកត់សម្គាល់» ប៉ុន្តែវាគឺជា «សង្គ្រាមដ៏លំបាកដោះស្រាយបំផុត»។
លោក Vance បានឲ្យដឹងបន្តថា៖ «យើងទទួលបានឯកសារពីអ៊ុយក្រែន និងឯកសារពីរុស្ស៊ី។ តាមពិតយើងបានឲ្យភាគីទាំង២ បញ្ជាក់ពីជំហរជាក់ស្ដែងរបស់ពួកគេ ហើយបន្តិចម្ដងៗ ជំហររបស់ពួកគេកាន់តែមានភាពស្រដៀងគ្នាខ្លាំងឡើងៗ»។
អនុប្រធានាធិបតីរូបនេះ បានបន្ថែមថា៖ «ហើយនោះហើយជាមូលហេតុដែលយើងសម្រេចបានវឌ្ឍនភាពខ្លះ។ យើងមិនទាន់សម្រេចបានវឌ្ឍនភាពចុងក្រោយនៅឡើយទេ ប៉ុន្តែខ្ញុំមានសុទិដ្ឋិនិយមយ៉ាងខ្លាំងអំពីរឿងនេះ»៕