ក្រុមហ៊ុនផលិតយានដ្រូនជប៉ុនមួយ បានសហការជាមួយដៃគូអ៊ុយក្រែន ដើម្បីផលិតយានដ្រូនស្ទាក់ចាប់តម្លៃ ២.៥០០ដុល្លារជាមធ្យោបាយមួយមានតម្លៃថោក ដើម្បីទប់ទល់ការវាយប្រហាររបស់អ៊ីរ៉ង់។

ចាប់តាំងពីការចាប់ផ្តើមសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់ ទីក្រុងតេអេរ៉ង់បានបាញ់បង្ហោះយានដ្រូនផលិតក្នុងទ្រង់ទ្រាយធំមានតម្លៃថោក រួមទាំងយានដ្រូន Shaheds ស្រដៀងគ្នាទៅនឹងយានដ្រូន ដែលរុស្ស៊ីប្រើនៅអ៊ុយក្រែន។ រដ្ឋឈូងសមុទ្រ និងកងកម្លាំងសហរដ្ឋអាមេរិកភាគច្រើន ពឹងផ្អែកទៅលើមីស៊ីលស្ទាក់ចាប់មានតម្លៃថ្លៃដើម្បីបាញ់ទម្លាក់មីស៊ីល ដែលបានបង្ហាញពីការផ្លាស់ប្តូរកាន់តែទូលំទូលាយនៅក្នុងការប្រយុទ្ធតាមអាកាស។

លោក Tokushige មកពីក្រុមហ៊ុនប្រទេសជប៉ុន បានឲ្យដឹងថា ប្រទេសនៅមជ្ឈិមបូព៌ា ជាពិសេសរដ្ឋឈូងសមុទ្រ ដែលបច្ចុប្បន្នកំពុងស្ថិតនៅក្រោមការទម្លាក់គ្រាប់បែកពីយានដ្រូន Shahed របស់អ៊ីរ៉ង់ បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះផលិតផលនេះ។ តម្លៃយានដ្រូនស្ទាក់ចាប់នីមួយៗពី យានដ្រូន Terra Drone មានតម្លៃ ២.៥២៦ដុល្លារ។ បើប្រៀបធៀប មីស៊ីលស្ទាក់ចាប់ប៉ាទ្រីយ៉ូត( Patriot) ដែលបាញ់ពីលើដី អាចមានតម្លៃប្រហែល៤លានដុល្លារក្នុងមួយគ្រឿង ខណៈយានដ្រូន Shahed ត្រូវបានគេប៉ាន់ប្រមាណថាមានតម្លៃត្រឹមតែ២០.០០០ដុល្លារប៉ុណ្ណោះ។
នៅក្នុងសប្តាហ៍ដំបូងនៃជម្លោះនៅមជ្ឈិមបូព៌ា អ៊ីរ៉ង់បានបង្ហោះយានដ្រូនជាង ១.០០០ គ្រឿង ហើយវាត្រូវបានគេប៉ាន់ប្រមាណថាមានសមត្ថភាពផលិតប្រហែល ១០.០០០ គ្រឿងក្នុងមួយខែ។