ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃពុធ (ទី៨ ខែមេសា ឆ្នាំ២០២៦) បាននិយាយថា នាវាយោធា និងយន្តហោះរបស់ខ្លួន នឹងនៅតែក្រឡឹងជុំវិញអ៊ីរ៉ង់ ហើយបានគំរាមកំហែងថា សហរដ្ឋអាមេរិក នឹងចាប់ផ្តើម «ប្រតិបត្តិការ» ម្តងទៀត ប្រសិនបើទីក្រុងតេអេរ៉ង់មិនគោរពតាមកិច្ចព្រមព្រៀងដែលសម្រេចបានជាមួយទីក្រុងវ៉ាស៊ីនតោនទេនោះ។
លោក Trump បានបញ្ជាក់នៅលើវេទិកាបណ្ដាញសង្គម Truth Social របស់លោកថា៖ «នាវា យន្តហោះ និងបុគ្គលិកយោធាអាមេរិកទាំងអស់ ជាមួយនឹងគ្រាប់រំសេវ និងសព្វាវុធផ្សេងទៀត នឹងនៅតែស្ថិតនៅនឹងកន្លែងនៅក្នុង និងជុំវិញអ៊ីរ៉ង់ រហូតដល់កិច្ចព្រមព្រៀងពិតប្រាកដត្រូវបានគោរពតាមយ៉ាងពេញលេញ»។

លោកប្រធានាធិបតីបានបន្ថែមថា៖ «មិនថាដោយហេតុផលណាមួយក៏ដោយ ដែលមិនទំនងសមនឹងកើតឡើងទាល់តែសោះនោះ «ប្រតិបត្តិការថ្មីនឹងចាប់ផ្តើម» ពោលគឺធំជាង ល្អជាង និងខ្លាំងជាងអ្វីដែលនរណាម្នាក់ធ្លាប់បានឃើញពីមុន»។
កាលពីព្រឹកថ្ងៃទី៨ ខែមេសា អ៊ីរ៉ង់បានលើកឡើងថា វានឹងជារឿង «មិនសមហេតុផល» ឡើយ ក្នុងការបន្តការចរចា ដើម្បីបង្កើតកិច្ចព្រមព្រៀងសន្តិភាពអចិន្ត្រៃយ៍ជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីអ៊ីស្រាអែលបានវាយប្រហារប្រទេសលីបង់ ដោយការវាយប្រហារយ៉ាងខ្លាំងបំផុត បានសម្លាប់មនុស្សរាប់រយនាក់។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កាលពីថ្ងៃទី៧ ខែមេសា បានយល់ព្រមផ្អាកជម្លោះរីករាលដាលរបស់ពួកគេរយៈពេល ២សប្តាហ៍ ប៉ុន្តែអ៊ីស្រាអែលនៅថ្ងៃទី៨ ខែមេសា បានសម្លាប់មនុស្សជាង ២៥០នាក់ នៅលីបង់៕


