កាលពីថ្ងៃពុធ (ទី៨ ខែមេសា ឆ្នាំ២០២៦) ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយថា លោកបានប្រាប់មេដឹកនាំអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកថា លោកសង្ឃឹមថា បទឈប់បាញ់រវាងភាគីទាំង២ នឹងត្រូវបានគោរព នៅក្នុងប្រទេសលីបង់ និងនៅទូទាំង «គ្រប់តំបន់នៃការប្រឈមមុខដាក់គ្នា» ខណៈដែលការវាយប្រហាររបស់អ៊ីស្រាអែលនៅតែបន្តមាននៅទីក្រុងបេរូត។
សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កាលពីថ្ងៃទី៧ ខែមេសា បានយល់ព្រមផ្អាកជម្លោះរីករាលដាលរបស់ពួកគេរយៈពេល ២សប្តាហ៍ ប៉ុន្តែអ៊ីស្រាអែលនៅថ្ងៃទី៨ ខែមេសា បានសម្លាប់មនុស្សជាង ២៥០នាក់ អំឡុងការវាយប្រហារដ៏ធ្ងន់ធ្ងរបំផុតរបស់ខ្លួន លើលីបង់ ចាប់តាំងពីការប្រយុទ្ធជាមួយក្រុមហេសបូឡា បានផ្ទុះឡើងនៅក្នុងខែមីនា។
អ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានប្រាប់ថា លីបង់មិនមែនជាផ្នែកមួយនៃបទឈប់បាញ់ជាមួយអ៊ីរ៉ង់ទេ ទោះបីជាប៉ាគីស្ថាន ដែលជាអន្តរការីដ៏សំខាន់នៅក្នុងកិច្ចចរចាបទឈប់បាញ់ រួមជាមួយអ៊ីរ៉ង់ បានបញ្ជាក់ថា បទឈប់បាញ់នឹងរួមបញ្ចូលទីក្រុងបេរូតក៏ដោយ។

លោក Macron បាននិយាយថា លោកបានជជែកជាមួយប្រធានាធិបតីអ៊ីរ៉ង់ Massoud Pezeshkian និងប្រធានាធិបតីអាមេរិក Donald Trump នៅថ្ងៃទី៨ ខែមេសា ហើយបានប្រាប់ពួកលោកថា ការរួមបញ្ចូលប្រទេសលីបង់ គឺជា «លក្ខខណ្ឌចាំបាច់សម្រាប់បទឈប់បាញ់ ដើម្បីឲ្យមានភាពជឿជាក់ និងយូរអង្វែង»។
ជាមួយគ្នានេះ លោកបានបន្ថែមថា កិច្ចព្រមព្រៀងណាមួយ រវាងប្រទេសទាំង២ ត្រូវតែដោះស្រាយកង្វល់ ដែលត្រូវបានលើកឡើង ពាក់ព័ន្ធកម្មវិធីមីស៊ីលនុយក្លេអ៊ែរ និងមីស៊ីលបាលីស្ទិករបស់អ៊ីរ៉ង់ ក៏ដូចជាគោលនយោបាយក្នុងតំបន់ និងវិធានការរបស់ប្រទេសនេះដែលរារាំងការធ្វើនាវាចរណ៍ឆ្លងកាត់ច្រកសមុទ្រ Hormuz៕
