ក្នុងអំឡុងពេលជួបជាមួយមេដឹកនាំ លោក Lai Ching-te នៅទីក្រុងតៃប៉ិ កាលពីថ្ងៃពុធ (ទី៨ ខែមេសា ឆ្នាំ២០២៦) សមាជិកព្រឹទ្ធសភាអាមេរិក លោក Jim Banks បាននិយាយថា អង្គនីតិបញ្ញត្តិរបស់កោះតៃវ៉ាន់ គួរតែអនុម័តថវិកាការពារជាតិពិសេសដែលកំពុងជាប់គាំង ដើម្បីផ្ដល់សញ្ញាទៅកាន់ប្រទេសចិន និងពិភពលោកថា ខ្លួនយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះសន្តិភាពតាមរយៈកម្លាំង។

លោក Lai ក្នុងឆ្នាំ២០២៥ បានស្នើថវិកាបន្ថែមចំនួន ៤០ពាន់លានដុល្លារ សម្រាប់ការចំណាយលើវិស័យការពារដែនកោះ ដើម្បីទប់ទល់ជាមួយចិនដែលចាត់ទុកកោះនេះជាទឹកដីរបស់ខ្លួន។ ស្ថាប័នអនុម័តច្បាប់កោះតៃវ៉ាន់ ជាកន្លែងដែលគណបក្សប្រឆាំងមានសំឡេងភាគច្រើន កំពុងបន្តជជែកដេញដោល អំពីផែនការរបស់រដ្ឋបាល ក៏ដូចជាសំណើជម្រើសផ្សេង និងការចំណាយទាបជាងនោះ។
យោងតាមវីដេអូនៃកិច្ចប្រជុំដែលផ្តល់ពីការិយាល័យរបស់លោក Lai លោក Banks ដែលជាសមាជិករបស់គណបក្សសាធារណរដ្ឋ និងដែលមានតួនាទីជាសមាជិកគណៈកម្មាធិការសេវាកម្មប្រដាប់អាវុធព្រឹទ្ធសភា បានប្រាប់លោកនៅថ្ងៃទី៨ ខែមេសានោះថា មេដឹកនាំកោះតៃវ៉ាន់ កំពុងផ្តល់នូវភាពជាអ្នកដឹកនាំ ក្នុងការពង្រីកការចំណាយការពារដែនកោះ ស្រដៀងគ្នាទៅនឹងប្រធានាធិបតីអាមេរិក លោក Donald Trump ដែលបានស្នើថវិកាការពារជាតិចំនួន ១,៥សែនកោដិដុល្លារ។
ដោយប្រើឈ្មោះផ្លូវការសម្រាប់អង្គនីតិបញ្ញត្តិរបស់កោះតៃវ៉ាន់ លោក Banks បានបន្ថែមថា៖ «ប៉ុន្តែអង្គនីតិបញ្ញត្តិ Yuan របស់អ្នក ត្រូវធ្វើតួនាទីរបស់ខ្លួន និងអនុម័តថវិកាពិសេស ហើយនោះជាសារមួយដែលខ្ញុំចង់ផ្ញើទៅកាន់ថ្នាក់ដឹកនាំរបស់អ្នក។ នៅពេលដែលអ្នកអនុម័តថវិកាពិសេស នៅក្នុងអង្គនីតិបញ្ញត្តិ នោះគឺជាសញ្ញាមួយទៅកាន់ប្រទេសចិន និងទៅកាន់ពិភពលោកទាំងមូលថា កោះតៃវ៉ាន់យកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះសន្តិភាពតាមរយៈកម្លាំង»៕
