វាយកូនបាល់៖ កីឡាករវាយកូនបាល់អេស្ប៉ាញវ័យទើបតែ ១៨ឆ្នាំ Carlos Alcaraz បានក្លាយជាជើងឯក Miami Open ជាលើកដំបូងក្នុងអាជីពក្រោយយកឈ្នះកីឡាករន័រវេស Casper Ruud នៅវគ្គផ្តាច់ព្រ័ត្រ។

កីឡាករដែលមានចំណាត់ថ្នាក់ពិភពលោកលេខ ៦ រូបនេះក៏បានក្លាយជាកីឡាករវ័យក្មេងបំផុតដែលឈ្នះពាន Miami Open និងជាពានដំបូងនៅក្របខណ្ឌ Masters 1000 នៃអាជីពរបស់ខ្លួនផងដែរ។ Carlos Alcaraz ចាប់ផ្តើមមិនបានល្អទេក្នុងការប្រកួតតែធ្វើបានល្អវិញរហូតយកឈ្នះ ៧-៥ និង ៦-៤។ មុនឡើងមកដល់វគ្គនេះ Alcaraz បានយកឈ្នះកីឡាករខ្លាំងៗដូចជា Marin Cilic, Stefanos Tsitsipas, Miomir Kecmanovic នៅវគ្គ ៨នាក់ចុងក្រោយ និង Hubert Hurkacz នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ Carlos Alcaraz ក៏បានក្លាយជាកីឡាករវ័យក្មេងទី៣ ដែលឈ្នះពាននៅក្នុងក្របខណ្ឌ Master 1000 ផងដែរបន្ទាប់ពី Rafael Nadal និងកីឡាករអាមេរិក Michael Chang៕
អត្ថបទ៖នាង សុភាវុធ