ចំនួនអ្នកស្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលកាលីថ្ងៃពុធ៨មេសាសប្ដាហ៍នេះ ទូទាំងប្រទេសលីបង់ បានកើនឡើងដល់ ៣០៣នាក់ ដោយមានអ្នករងរបួសចំនួន ១.១៥០នាក់ នេះបើយោងតាមតួលេខបឋមដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍៩មេសាដោយក្រសួងសុខាភិបាលលីបង់។

នាយករដ្ឋមន្ត្រីលីបង់លោក Nawaf Salam បានប្រកាសថា ថ្ងៃព្រហស្បតិ៍ ទី៩ ខែមេសា ឆ្នាំ២០២៦ គឺជាថ្ងៃកាន់មរណទុក្ខទូទាំងប្រទេសដើម្បីគោរពដល់ជនរងគ្រោះនៃការវាយប្រហាររបស់អ៊ីស្រាអែលលើប្រទេសលីបង់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ មជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់របស់ក្រសួង បាននិយាយថា ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះនៅតែដំណើរការនៅទីតាំងជាច្រើន ដោយក្រុមអាជ្ញាធរកំពុងប្រឹងប្រែងយកសាកសពចេញពីក្រោមគំនរបាក់បែក និងកំណត់អត្តសញ្ញាណជនរងគ្រោះ រួមទាំងការធ្វើតេស្ត DNA ផងដែរ។
ក្រសួងបានបន្ថែមថា ចំនួនអ្នកស្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលលើប្រទេសលីបង់ចាប់តាំងពីថ្ងៃទី២ ខែមីនា ២០២៦ បានកើនឡើងដល់១.៨៨៨នាក់ និង ៦.០៩២នាក់រងរបួស។
ការកើនឡើងចុងក្រោយនេះបានកើតឡើងបន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលជាង ១០០លើកនៅទូទាំងប្រទេសលីបង់កាលពីថ្ងៃពុធ ដែលបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសទូទាំងប្រទេស និងការបំផ្លិចបំផ្លាញដ៏មហាសាល៕


