អភិបាលតំបន់ Odesa លោក Oleh Kiper និយាយថា យានដ្រូនរុស្ស៊ីជាច្រើនគ្រឿង បានវាយប្រហារហេដ្ឋារចនាសម្ព័ន្ធថាមពល និងកំពង់ផែ នៅតំបន់ Odesa របស់អ៊ុយក្រែននាថ្ងៃសុក្រនេះ បណ្តាលឲ្យកើតមានអគ្គិភ័យ ។
លោក Kiper និយាយនៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម Telegramថា គ្មានគ្រោះថ្នាក់នោះទេ ។
សេវាកម្មសង្រ្គោះបន្ទាន់រដ្ឋអ៊ុយក្រែន បានចុះផ្សាយរូបភាពវីដេអូឃ្លីបឃើញ ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យកំពុងព្យាយាមពន្លត់អណ្តាតភ្លើង ។
ទោះបីជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ពុំអាចបញ្ជាក់ផ្ទៀងផ្ទាត់ដោយឯករាជ្យបានឡើងចំពោះទីតាំង និងកាលបរិច្ឆេតថតវីដេអូនេះ ។
ខណៈពេលនោះដែរ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានប្រកាសបទឈប់បាញ់រយៈពេល ៣២ម៉ោង ចាប់ពីម៉ោង ១៦:០០នាទី ម៉ោងសកល ថ្ងៃសៅរ៍ រហូតដល់ថ្ងៃបុណ្យ Easterនៅថ្ងៃអាទិត្យ ហើយសមភាគីអ៊ុយក្រែនលោក Volodymyr Zelenskiy និយាយថា ទីក្រុងគីវ នឹងគោរពវិធានការនេះ ៕