ភ្ញៀវទេសចរអន្តរជាតិ ដែលបានដើរកម្សាន្តនៅក្នុងកម្ពុជា ក្នុងអំឡុងពេលនេះ គឺបានមើលឃើញសកម្មភាពរស់រវើកការតុបតែង លម្អរទៅតាមទំនៀមទំលាប់ ប្រពៃណីរបស់ខ្លួន ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ដែលនឹងឈានចូលមកដល់នៅសប្តាហ៍ក្រោយនេះ ហើយសកម្មភាពនេះ បានធ្វើឲ្យគេមានពេញចិត្ត និងមានភាពទាក់ទាញខ្លាំង ដោយស្គាល់យល់ដឹងអំពីអត្តសញ្ញាណវប្បធម៌ខ្មែរកាន់តែច្បាស់ និងធនាបាននូវការថែរក្សា អភិរក្សមានភាពរឹងម៉ាំ។

ភ្ញៀវទេសចរអន្តរជាតិមកពីតាមបណ្តាប្រទេស បានថ្លែងប្រាប់BTV នៅថ្ងៃទី១១ ខែមេសានេះថា ការដើរទស្សនាកម្សាន្តនៅកម្ពុជា ក្នុងរយៈពេលនេះ សម្គាល់ឃើញថា គ្រប់គោលដៅទេសចរណ៍ សួនច្បារសាធារណៈ វត្តអារ៉ាម ផ្សារ សាលារៀន តាមមូលដ្ឋានអាជីវកម្ម និងតាមផ្ទះរបស់ពលរដ្ឋជាដើម គឺមានតុបតែងលម្អរ បង្ហាញអត្តសញ្ញាណវប្បធម៌ខ្មែរ អបអរសាទរបុណ្យចូលឆ្នាំ ដែលមានភាពទាក់ទាញខ្លាំង ហើយទេសចរអន្តរជាតិដែលដល់ថ្ងៃត្រូវត្រឡប់ប្រទេសកំណើតរបស់ខ្លួន ក៏បានបង្ហាញការសោកស្តាយខ្លាំងដែរ ដែលមិនបានស្នាក់នៅដើរកម្សាន្តនៅរាជធានីភ្នំពេញរហូតដល់ថ្ងៃបុណ្យចូលឆ្នាំថ្មី ដើម្បីមើលពីការសប្បាយរបស់ពលរដ្ឋខ្មែរ នៅក្រោមតុបតែង លម្អរដ៏ស្រស់ស្អាតទាំងអស់នេះ។

យ៉ាងណាភ្ញៀវទេសចរអន្តរជាតិនានា បានថ្លែងថា គេនឹងជួយផ្សព្វផ្សាយអំពីគោលដៅទេសចរណ៍កម្ពុជានិយាយអំពីបទពិសោធន៍ការដើរកម្សាន្ត និងការទទួលបានចំណេះដឹងរឿងរ៉ាវប្រវត្តិសាស្ត្រ វប្បធម៌បែបអច្ឆរិយៈ មានភាពសំបូរបែប ពលរដ្ឋមានភាពស្នាមញញឹម ទឹកមុខសប្បាយរីករាយ អំឡុងថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ នៅប្រទេសគេ ដើម្បីជំរុញការទាក់ទាញទេសចរអន្តរជាតិនានាមកទស្សនាកម្ពុជា។
សូមបញ្ជាក់ថា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំមមី ឆ្នាំ២០២៦ នឹងឈានចូលមកដល់នៅថ្ងៃអង្គារ៍សប្តាហ៍ក្រោយនេះ សហភាពសហព័ន្ធយុវជនកម្ពុជា បានសហការជាមួយអាជ្ញាធរមូលដ្ឋាននៅរាជធានីភ្នំពេញ រៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្តរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសានេះ ដោយមានការរៀបចំកម្មវិធីបង្ហាញទស្សនីយភាពតាមបែបវប្បធម៌ សិល្បៈ សាសនា ប្រមាណជាង២០ទស្សនីយភាពធំៗ និងមានកម្មវិធីកម្សាន្តសប្បាយជាច្រើនទៀត ដែលមានតាមគោលដៅធំៗរួមមាន៖ រមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រវត្តភ្នំ ភូមិវប្បធម៌នៅជិតផ្សាររាត្រី សួនច្បារវឌ្ឍនៈ អតីតសួនទីលានធិបតេយ្យ តំបន់ផ្លូវថ្មើជើងចតុមុខ និងបរិវេណផ្សារទួលទំពូងជាដើម៕ អត្ថបទ ស៊ុម សុខជា








