នៅថ្ងៃអាទិត្យ (ទី១២ ខែមេសា ឆ្នាំ២០២៦) នេះ អនុប្រធានាធិបតីអាមេរិក លោក JD Vance បាននិយាយថា ក្រុមអ្នកចរចារបស់លោក កំពុងចាកចេញពីប្រទេសប៉ាគីស្ថាន បន្ទាប់ពីមិនបានឈានដល់កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ក្រោយការចរចារយៈពេល ២១ម៉ោង។
លោក Vance បានលើកឡើងពីចំណុចខ្វះខាតនៅក្នុងកិច្ចចរចានេះ ហើយបានបញ្ជាក់ថា អ៊ីរ៉ង់បានជ្រើសរើសមិនទទួលយកលក្ខខណ្ឌរបស់អាមេរិក ក្នុងនោះរួមមានទាំងលក្ខខណ្ឌមិនផលិតអាវុធនុយក្លេអ៊ែរផងដែរ។
លោក Vance បានប្រាប់ឲ្យដឹងថា៖ «ដំណឹងអាក្រក់ គឺថា យើងមិនទាន់ឈានដល់កិច្ចព្រមព្រៀងទេ ហើយខ្ញុំគិតថា នោះគឺជាដំណឹងអាក្រក់ សម្រាប់អ៊ីរ៉ង់ច្រើនជាងជាដំណឹងអាក្រក់សម្រាប់សហរដ្ឋអាមេរិក។ ដូច្នេះ យើងត្រលប់ទៅសហរដ្ឋអាមេរិកវិញ ដោយមិនមានកិច្ចព្រមព្រៀងអ្វីឡើយ។ យើងបានបញ្ជាក់យ៉ាងច្បាស់ អំពីអ្វីដែលជាបន្ទាត់ក្រហមរបស់យើង»។
លោក Vance បានបន្ថែមថា លោកបានជជែកជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump យ៉ាងហោចណាស់ ៦ដង អំឡុងកិច្ចចរចានេះ។ កិច្ចចរចានៅទីក្រុងអ៊ីស្លាម៉ាបាដ គឺជាកិច្ចប្រជុំផ្ទាល់លើកដំបូង រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ក្នុងរយៈពេលជាង ១ទសវត្សរ៍ និងជាការពិភាក្សាកម្រិតខ្ពស់បំផុត ចាប់តាំងពីបដិវត្តន៍ឥស្លាមឆ្នាំ១៩៧៩។
គួបញ្ជាក់ថា លទ្ធផលនៃកិច្ចពិភាក្សានេះ អាចកំណត់ជោគវាសនានៃបទឈប់បាញ់ដ៏ផុយស្រួយរយៈពេល ២សប្តាហ៍ និងការបើកច្រកសមុទ្រ Hormuz ឡើងវិញ ដែលជាផ្លូវតូចចង្អៀតដ៏សំខាន់ សម្រាប់ការផ្គត់ផ្គង់ថាមពលសកលប្រហែល ២០ភាគរយ ដែលត្រូវបានអ៊ីរ៉ង់រាំងខ្ទប់ ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម។ ជម្លោះនេះបានធ្វើឲ្យតម្លៃប្រេងសកលហក់ឡើងខ្ពស់ និងឆក់យកជីវិតមនុស្សរាប់ពាន់នាក់៕