មុនមានកិច្ចចរចាបទឈប់បាញ់ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃសៅរ៍ (ទី១១ ខែមេសា ឆ្នាំ២០២៦) បាននិយាយថា លោកចង់បាន «កិច្ចព្រមព្រៀងសន្តិភាពជាមួយលីបង់ ដែលនឹងមានភាពស្ថិតស្ថិរជាច្រើនជំនាន់»។

អ៊ីស្រាអែលបានទម្លាក់គ្រាប់បែកលើប្រទេសលីបង់ ខណៈដែលពិភពលោកកំពុងប្រឹងប្រែងដោះស្រាយយ៉ាងលំបាករួចទៅហើយ សម្រាប់សង្គ្រាមនៅអ៊ីរ៉ង់ ។ ហើយលោក Netanyahu ក៏បានលើកឡើងផងដែរថា អ៊ីរ៉ង់ និងសម្ព័ន្ធមិត្តរបស់ខ្លួន កំពុង «ប្រឹងប្រែងយ៉ាងលំបាក ដើម្បីរស់» ស្របពេលកិច្ចចរចាបទឈប់បាញ់ នៅទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានបញ្ចប់ទៅដោយមិនមានផ្លែផ្កាអ្វីឡើយ។

លោកនាយករដ្ឋមន្ត្រីរូបនេះ បានសន្យាថា យុទ្ធនាការយោធារបស់អ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ «មិនទាន់ចប់ទេ» ទោះបីជាលោកបាននិយាយថា អ៊ីស្រាអែលបានសម្រេច «សមិទ្ធផលជាប្រវត្តិសាស្ត្រ» រួចហើយក្ដី។ នៅក្នុងសេចក្តីថ្លែងការណ៍ដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម X លោកបានបញ្ជាក់ថា៖ «យើងបានវាយប្រហារពួកគេ យើងនៅតែមានការងារជាច្រើនទៀតដែលត្រូវធ្វើ»។

បន្ទាប់ពីមានការជជែកតាមទូរស័ព្ទលើកដំបូង ឯកអគ្គរដ្ឋទូតអ៊ីស្រាអែល និងលីបង់ ប្រចាំសហរដ្ឋអាមេរិកបានយល់ព្រមជួបគ្នា នៅទីក្រុងវ៉ាស៊ីនតោន នាថ្ងៃអង្គារសប្ដាហ៍ក្រោយ។ អ្នកការទូតនឹងស្វែងរកការប្រកាស អំពីបទឈប់បាញ់ និងកាលបរិច្ឆេទ ដើម្បីចាប់ផ្តើមការចរចាដោយផ្ទាល់។ ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំទីក្រុងវ៉ាស៊ីនតោន បានបញ្ជាក់ថា `ការចរចាសន្តិភាពជាផ្លូវការ~ នឹងចាប់ផ្តើមជាមួយលីបង់ ប៉ុន្តែបានបន្ថែមថា អ៊ីស្រាអែលបដិសេធមិនពិភាក្សា អំពីបទឈប់បាញ់ជាមួយក្រុមហេសបូឡាទេ។ទន្ទឹមនឹងនេះ លោកនាយករដ្ឋមន្ត្រី Netanyahu ក៏បានអនុញ្ញាតឲ្យមានកិច្ចចរចាដោយផ្ទាល់ផងដែរ បន្ទាប់ពីអ្វីដែលលោកបាននិយាយថា ជា «សំណើម្តងហើយម្តងទៀតពីរដ្ឋាភិបាលលីបង់»៕