


ប្រធានាធិបតីអាមេរិក លោក Donald Trump បានចែករំលែកអត្ថបទមួយ នៅថ្ងៃអាទិត្យ (ទី១២ ខែមេសា ឆ្នាំ២០២៦) នេះ ដែលបានលើកឡើងថា លោកមានជម្រើស ក្នុងការអនុវត្តការបិទផ្លូវទឹក នៅអ៊ីរ៉ង់។
រឿងនេះបានកើតឡើងក្រោយប៉ុន្មានម៉ោងបន្ទាប់ពីអនុប្រធានាធិបតី លោក JD Vance បាននិយាយថា កិច្ចព្រមព្រៀងមួយមិនត្រូវបានសម្រេចឡើងនោះទេ ជាមួយអ៊ីរ៉ង់ ហើយក្រុមចរចារបស់លោកកំពុងចាកចេញពីប្រទេសប៉ាគីស្ថាន។
អត្ថបទដែលមានចំណងជើងថា «សន្លឹកបៀ ដែលលោកប្រធានាធិបតី Trump កាន់ ប្រសិនបើអ៊ីរ៉ង់មិនព្រមចុះញ៉មទេ នោះគឺការបិទខ្ទប់ផ្លូវទឹក» បានទាញយកការប្រៀបធៀបពីយុទ្ធសាស្ត្រដែលរដ្ឋបាលរបស់លោក Trump បានប្រើប្រាស់នៅក្នុងប្រទេសវ៉េណេស៊ុយអេឡា មុនពេលឈានទៅដល់ការចាប់ខ្លួនលោកប្រធានាធិបតី Nicolas Maduro នាពេលនោះ។
របាយការណ៍ពីសារព័ត៌មាន Just The News បានលើកឡើងថា៖ «មុនពេលលោកចាប់ផ្តើមការចាប់ខ្លួនលោក Nicholas Maduro ដោយយោធា លោកប្រធានាធិបតី Donald Trump បានធ្វើឲ្យសេដ្ឋកិច្ចវ៉េណេស៊ុយអេឡាដួលរលំ ដោយការបិទផ្លូវទឹក ដែលបានរាំងស្ទះប្រាក់ចំណូលពីប្រេងរបស់ប្រទេសនេះ»។
សារព័ត៌មាននេះបានបន្ថែមថា លោក Trump «អាចនឹងប្រើយុទ្ធសាស្ត្រខ្ទប់ផ្លូវដ៏ជោគជ័យរបស់លោកឡើងវិញ ដើម្បីបិទសេដ្ឋកិច្ចអ៊ីរ៉ង់ដែលកំពុងធ្លាក់ចុះរួចទៅហើយ និងបង្កើនសម្ពាធការទូត លើប្រទេសចិន និងឥណ្ឌា ដោយកាត់ផ្តាច់ប្រភពប្រេងដ៏សំខាន់មួយរបស់ពួកគេ» ប្រសិនបើអ៊ីរ៉ង់បដិសេធមិនទទួលយកកិច្ចព្រមព្រៀងទេនោះ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានបរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីបញ្ចប់សង្គ្រាមរបស់ពួកគេ ទោះបីជាមានការចរចាដ៏យូរក៏ដោយ ដែលបានបញ្ចប់នៅថ្ងៃអាទិត្យ នៅរដ្ឋធានីអ៊ីស្លាម៉ាបាដរបស់ប្រទេសប៉ាគីស្ថាន ដែលធ្វើឲ្យបទឈប់បាញ់ដ៏ផុយស្រួយ ស្ថិតក្នុងហានិភ័យ៕