អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹង គម្រោងសាងសង់ខ្សែបណ្តាញអគ្គិសនីដោយមានកម្លាំងរហូត៣៥ គីឡូវ៉ុល ដែលភ្ជាប់ពីឆ្នេរកោះរ៉ុង ទៅកាន់កោះរ៉ុងសន្លឹម ក្នុងក្រុងកោះរ៉ុង ខេត្តព្រះសីហនុ បានបញ្ចប់ការសាងសង់ជាស្ថាពរហើយ ហើយបាននិងកំពុងដាក់ឲ្យដំណើរចាប់ពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦នេះតទៅ។
តាមសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជាបានបញ្ជាក់ថា ចាប់ពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦នេះ អគ្គិសនីកម្ពុជា បាននិងកំពុងចាប់ផ្តើមបញ្ជូនថាមពលអគ្គិសនីតាមរយៈខ្សែបណ្តាញនេះ ដើម្បីផ្គត់ផ្គង់អគ្គិសនីជូនហេដ្ឋារចនាសម្ព័ន្ធ និងប្រជាពលរដ្ឋដែលរស់នៅលើកោះរ៉ុងសន្លឹម។
តាមរយៈសេចក្តីជូនដំណឹងនេះដែរ អគ្គិសនីកម្ពុជា ក៏បានអំពាវនាវឲ្យប្រជានេសាទ និងសាធារណៈជន ដែលធ្វើដំណើរឆ្លងកាត់តំបន់ខ្សែបណ្តាញបញ្ជូនរង ចាប់ពីឆ្នេរកោះរ៉ុង ទៅកាន់កោះរ៉ុងសន្លឹម ឱ្យមានការប្រុងប្រយ័ត្ន ដើម្បីបញ្ចៀសការប៉ះពាល់ទៅលើខ្សែបណ្តាញអគ្គិសនីទាំងប្រភេទអាកាស កប់ដី និងខ្សែក្រោមបាតសមុទ្រ ដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុណាមួយផងដែរ៕




