នៅថ្ងៃចន្ទ (ទី១៣ ខែមេសា ឆ្នាំ២០២៦) នេះ នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez បានលើកឡើងថា ប្រទេសចិនគួរតែដើរតួនាទីកាន់តែធំបន្ថែមទៀត នៅក្នុងបញ្ហានានា ក្នុងនោះរួមទាំងបម្រែបម្រួលអាកាសធាតុ សន្តិសុខ ការពារជាតិ និងការប្រយុទ្ធប្រឆាំងនឹងវិសមភាព ដោយបន្ថែមថា អឺរ៉ុបក៏នឹងត្រូវបង្កើនកិច្ចប្រឹងប្រែងទ្វេដងផងដែរ ខណៈដែលសហរដ្ឋអាមេរិកដកខ្លួនចេញពីតួនាទីជាអ្នកដឹកនាំលើវិស័យជាច្រើន។
លោក Sanchez ដែលកំពុងធ្វើទស្សនកិច្ចលើកទី៤ នៅប្រទេសចិន ក្នុងរយៈពេល ៤ឆ្នាំ បានថ្លែងសុន្ទរកថា នៅសាកលវិទ្យាល័យ Tsinghua ក្នុងទីក្រុងប៉េកាំង។ ដំណើរទស្សនកិច្ចរបស់លោក បានកើតឡើង ខណៈដែលរដ្ឋាភិបាលលោកខាងលិចជាច្រើន ស្វែងរកការរក្សាទំនាក់ទំនងជាមួយទីក្រុងប៉េកាំង ទោះបីជាមានភាពតានតឹងផ្នែកសន្តិសុខ និងពាណិជ្ជកម្មក៏ដោយ។ ហើយវាបានកើតឡើងបន្ទាប់ពីមានទស្សនកិច្ចទៅកាន់ប្រទេសចិន នាដើមឆ្នាំ២០២៦ នេះ ដោយនាយករដ្ឋមន្ត្រីអង់គ្លេស អៀរឡង់ កាណាដា និងហ្វាំងឡង់។

អេស្ប៉ាញ គឺជាប្រទេសគាំទ្រដ៏ខ្លាំងក្លាបំផុតមួយរបស់អឺរ៉ុប ក្នុងការពង្រីកពាណិជ្ជកម្ម និងចាត់ទុកចិនជាសម្ព័ន្ធមិត្តយុទ្ធសាស្ត្រ ជាជាងគូប្រជែងផ្នែកសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយ។ លោក Sanchez បានបញ្ជាក់ថា ប្រទេសចិនអាចធ្វើអ្វីៗបានច្រើនជាងនេះទៀត ទាក់ទងនឹងការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ ការលើកកម្ពស់ស្ថានភាពល្អប្រសើររបស់ពិភពលោក ការគ្រប់គ្រងការអភិវឌ្ឍបញ្ញាសិប្បនិម្មិត (AI) ដែលមានការទទួលខុសត្រូវ និងអាវុធនុយក្លេអ៊ែរ។
លោក Sanchez បាននិយាយថា៖ «ជាឧទាហរណ៍ ដោយការទាមទារ ដូចដែលខ្លួនកំពុងធ្វើ ឲ្យច្បាប់អន្តរជាតិត្រូវបានគោរព ហើយឲ្យជម្លោះ នៅលីបង់ អ៊ីរ៉ង់ តំបន់ហ្កាហ្សា និងតំបន់ West Bank និងអ៊ុយក្រែន ត្រូវបញ្ឈប់។ អឺរ៉ុបក៏នឹងត្រូវបង្កើនកិច្ចប្រឹងប្រែងទ្វេដងផងដែរ ជាពិសេសឥឡូវនេះ ដែលសហរដ្ឋអាមេរិកបានសម្រេចដកខ្លួនចេញពីវិស័យទាំងនេះជាច្រើន»។
លោកនាយករដ្ឋមន្ត្រីអេស្ប៉ាញត្រូវបានគេរំពឹងថា នឹងជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅថ្ងៃទី១៤ ខែមេសា ជាកន្លែងដែលពួកលោកត្រូវបានគេរំពឹងថា នឹងផ្តោតលើភូមិសាស្ត្រនយោបាយ។ ទីក្រុងម៉ាឌ្រីដសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់លោក Sanchez នឹងបង្រួមឱនភាពពាណិជ្ជកម្មរបស់អេស្ប៉ាញ ដែលបានកើនឡើងទ្វេដង ក្នុងរយៈពេល ៤ឆ្នាំ ដោយឡើងដល់ជិត ៥០ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២៥៕
