អ៊ុយក្រែន៖ ទីក្រុង Moscow ប្រឈមនឹងរលកថ្មីនៃការផ្ទុះកំហឹងជាសកល និងការចោទប្រកាន់ពីឧក្រិដ្ឋកម្មសង្គ្រាមកាលពីថ្ងៃចន្ទ បន្ទាប់ពីរុស្ស៊ីដកកងកម្លាំងចេញពីតំបន់ជាយរដ្ឋធានី Kyiv បង្ហាញឲ្យឃើញពីសាកសពដេកស្លាប់រដូករណែលតាមផ្លូវដែលពួកគេទំនងជាជនស៊ីវិល ហើយខ្លះបានស្លាប់ដោយសារគ្រាប់កាំភ្លើង។

ក្រុមអាជ្ញាធរអ៊ុយក្រែននិយាយថា ពួកគេបានរកឃើញសាកសពចំនួន ៤២១នាក់ជិតរដ្ឋធានី Kyiv កាលពីថ្ងៃអាទិត្យ និងកំពុងបើកការស៊ើបអង្កេតដែលអាចជាករណីឧក្រិដ្ឋកម្មសង្គ្រាមនៅទីក្រុង Bucha។ រូបភាពសាកសពរាយប៉ាយតាមផ្លូវ និងការជីកដីធ្វើផ្នូរជាច្រើន ក៏បាននាំឲ្យមានការរំពាវនាវផងដែរឲ្យដាក់ទណ្ឌកម្មកាន់តែធ្ងន់ធ្ងរបន្ថែមទៀតវិមានលើក្រឹមឡាំង ពិសេសការកាត់ផ្ដាច់ការនាំចូលប្រេង និងឧស្ម័នពីប្រទសរុស្ស៊ី។ ប្រទេសអាល្លឺម៉ង់បានបញ្ចេញប្រតិកម្មដោយការបណ្ដេញអ្នកការទូតរុស្ស៊ីចំនួន ៤០នាក់។
រដ្ឋមន្ត្រីការបរទេសកាណាដាលោកស្រី Mélanie Joly បានប្ដេជ្ញាថា សកម្មភាពគួរឲ្យរន្ធត់ទាំងនេះនឹងមិនអាចគេចផុតពីការដាក់ទណ្ឌកម្មបានទេ ហើយប្រធានាធិបតីអាមេរិកលោក Joe Biden បាននិយាយថា លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin គួរតែត្រូវបានកាត់ទោសពីបទប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម។ លោក Biden និយាយថា បុរសម្នាក់នេះសាហាវណាស់ ហើយអ្វីដែលកំពុងកើតឡើងនៅក្នុងទីក្រុង Bucha គឺជាហេតុការណ៍គួរឲ្យតក់ស្លុតបំផុត។ ក្រោយមកនៅក្នុងសារជាវីដេអូមួយថ្លែងទៅកាន់សភារ៉ូម៉ានី លោក Zelensky និយាយថា លោកខ្លាចថានឹងមានកន្លែងជាច្រើនទៀត ដែលនឹងអាចមានអំពើឃោរឃៅជាងនេះទៀតកើតឡើង៕
អត្ថបទ៖ សុខមាន