លោក Peter Magyar មេដឹកនាំគណបក្សប្រឆាំងរបស់ប្រទេសហុងគ្រី បានចោទប្រកាន់រដ្ឋមន្ត្រីការបរទេសដែលជិតចាកចេញពីតំណែងលោក Peter Szijjarto ពីបទបំផ្លាញឯកសារនៅក្រសួងការបរទេសកាលពីថ្ងៃចន្ទ ទី១៣ ខែមេសា។ លោក Magyar ដែលគណបក្ស Tisza របស់លោក បានទទួលជ័យជម្នះក្នុងការបោះឆ្នោតយ៉ាងលើសលប់ បានអះអាងថា លោក Szijjarto បានបង្ហាញខ្លួននៅអគារក្រសួង ជាកន្លែងដែលលោក និងសហការី កំពុងបំផ្លាញឯកសារផ្លូវការ។
គណបក្ស Tisza ស្តាំនិយមកណ្តាលរបស់លោក Magyar ទទួលបានសំឡេងភាគច្រើនលើសលប់ពីរភាគបីនៅក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ដោយបានយកឈ្នះលើលោក Viktor Orban បន្ទាប់ពីការគ្រប់គ្រងអំណាចរយៈពេល១៦ឆ្នាំ។
នៅក្នុងសន្និសីទសារព័ត៌មានលើកដំបូងរបស់លោក បន្ទាប់ពីជ័យជម្នះក្នុងការបោះឆ្នោត លោក Magyar បាននិយាយថា ការបំផ្លាញឯកសារនេះផ្ទុយស្រឡះពីការប្រគល់អំណាចរបស់រដ្ឋាភិបាលធម្មតានៅ ក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យ។ មេដឹកនាំគណបក្សប្រឆាំង បានរិះគន់កង្វះការចែករំលែកព័ត៌មានក្នុងអំឡុងពេលអន្តរកាល។
លទ្ធផលនៃការបោះឆ្នោតនេះ បានកើតឡើងខណៈជាភាពធូរស្បើយដល់អ៊ុយក្រែន ដោយសារលោក Orban នៅតែរក្សាទំនាក់ទំនងដ៏កក់ក្តៅជាមួយរុស្ស៊ី និងបានរារាំងប្រាក់កម្ចីចំនួន៩០ពាន់លានអឺរ៉ូ សម្រាប់ទីក្រុងគីវ។ លោក Magyar បានសន្យាថា នឹងស្តារឡើងវិញស្តង់ដារលទ្ធិប្រជាធិបតេយ្យ និងបញ្ចេញមូលនិធិសហភាពអឺរ៉ុបដែលត្រូវបានបង្កកដោយសារតែការព្រួយបារម្ភអំពីនីតិរដ្ឋ។