ក្រុមមន្រ្តីអ៊ុយក្រែននិយាយថា ការវាយប្រហារមីស៊ីលរុស្ស៊ី កាលពីថ្ងៃអង្គារ បានសម្លាប់មនុស្សយ៉ាងហោច ៥នាក់ នៅទីក្រុងភាគអាគ្នេយ៍ Dnipro និងមនុស្សរាប់សិបនាក់ផ្សេងទៀត បានរងរបួស ។
លោក Oleksiy Kuleba គឺជារដ្ឋមន្រ្តីហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែននិយាយនៅលើបណ្តាញព័ត៌មានសង្គម Telegramថា មាននូវជនស៊ីវិលដែលបានបើកបរតាមផ្លូវ មនុស្សចេញពីធ្វើការ ធ្វើដំណើរទៅកាន់គ្រួសាររបស់ពួកគេ នៅពេលដែលការវាយប្រហារកើតឡើង ។
សេវាកម្មសង្រ្គោះបន្ទាន់ក្នុងស្រុកបានចេញផ្សាយរូបភាពវីដេអូឃ្លីប ឃើញគ្រូពេទ្យព្យាបាលមនុស្សរងរបួសនៅតាមផ្លូវ ហើយក្រុមភ្នាក់ងារពន្លត់អគ្គិភ័យព្យាយាមពន្លត់អណ្តាតភ្លើងដែលកំពុងឆាបឆេះអគារ ។
យោងតាមការអះអាងរបស់រដ្ឋអាជ្ញា បានឲ្យដឹងថា ហេដ្ឋារចនាសម្ព័ន្ធ បានរងការខូចខាតនៅក្នុងការវាយប្រហារនេះ ។
អភិបាលក្នុងតំបន់លោក Oleksandr Ganzha និយាយនៅលើបណ្តាញព័ត៌មានសង្គម Telegramថា មនុស្សយ៉ាងហោច ២៤នាក់ បានរងរបួស ហើយត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ និងកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ។
លោកបន្តថា ជនរងគ្រោះម្នាក់ដែលជាបុរសវ័យ ៤០ឆ្នាំ បានស្លាប់នៅក្នុងមន្ទីរពេទ្យ ៕