នៅតំបន់ឆ្នេរ Playa Larga របស់គុយបា ផ្ទះសំណាក់របស់អ្នកស្រី Manuela Arencibia Baez លែងមានភ្ញៀវស្នាក់នៅទៀតហើយ ។ វិស័យទេសចរណ៍នៅក្នុងប្រទេសមួយនេះ កំពុងរីងស្ងួត ដោយសារកង្វះខាតប្រេង ថាមពល ស្របពេលរងទណ្ឌកម្មអាមេរិក ពេលដែលទីក្រុងវ៉ាស៊ីនតោនបិទច្រកប្រទេសកោះមួយនេះ ។
ភ្ញៀវទេសចរាប់ម៉ឺននាក់ ធ្លាប់មកកម្សាន្តលេងនៅតំបន់ Zapata Swamp ដែលស្ថិតក្នុងចំណោមគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុតរបស់គុយបា ជារៀងរាល់ឆ្នាំ ។
ប៉ុន្តែបច្ចុប្បន្ន អ្នកស្រី Arencibia និយាយថា គាត់លែងទទួលបានការកក់បន្ទប់ស្នាក់នៅក្នុងផ្ទះសំណាក់របស់គាត់ទៀតហើយ សូម្បីតែគាត់បានចំណាយប្រាក់យ៉ាងច្រើនលើបន្ទះផ្ទាំងស្រូបពន្លឺព្រះអាទិត្យ ដើម្បីជួយឲ្យផ្ទះសំណាក់របស់គាត់មានអគ្គិសនីប្រើប្រាស់ អំឡុងពេលដាច់ចរន្តអគ្គិសនី ។
អ្នកស្រីថា បញ្ហាធ្ងន់ធ្ងរមួយដែលរងផលប៉ះពាល់ខ្លាំងបំផុតគឺកង្វះខាតប្រេងឥន្ធនៈ ។ ជាការពិតណាស់ថា ពុំមានប្រេងឥន្ធនៈប្រើប្រាស់នោះទេ ។
អ្នកស្រី Arencibia និយាយទៀតថា វាមានន័យផងដែរថា ភ្ញៀវទេសចរនៅក្នុងប្រទេសមួយនេះ មិនអាចរកតាក់ស៊ីជិះបាននោះទេ ក្នុងការដំណើររយៈពេល ២ម៉ោង ចេញពីទីក្រុងឡាហាវ៉ាន់ ។
តួលេខផ្លូវការបង្ហាញថា ការមកដល់របស់ភ្ញៀវបរទេសរបស់គុយបា បានធ្លាក់ចុះចំនួន ៥៦ភាគរយ កាលពីខែកុម្ភៈ ធៀបនឹងកាលពីរយៈពេល ១ឆ្នាំមុន ៕