ក្រុមមនុស្សធម៌អន្តរជាតិ និយាយកាលពីថ្ងៃអង្គារថា ពួកគេបានបញ្ជូនជំនួយឆ្លងកាត់តាមផ្លូវគោក ទៅកាន់ប្រទេសអ៊ីរ៉ង់ ដែលជាការចែកមួយចំនួននៃជំនួយដំបូងរបស់ពួគគេ ចាប់តាំងពីសហរដ្ឋអាមេរិក-អ៊ីស្រាអែល បើកការវាយប្រហារលើអ៊ីរ៉ង់ កាលពីចុងខែកុម្ភៈ ។
ក្រុមការងារផ្តល់ជំនួយនិយាយថា តម្រូវការមានខ្ពស់ ស្របពេលមានការវាយប្រហាររយៈពេល ៦សប្តាហ៍លើអ៊ីរ៉ង់ ប៉ុន្តែស្តុកគ្រឿងផ្គត់ផ្គង់មនុស្សធម៌បន្ទាន់ បានជាប់នៅក្នុងឃ្លាំងនៅទីក្រុង Dubai ខណៈការដឹកជញ្ជូន និងផ្លូវអាកាស ត្រូវបានបិទដោយសារជម្លោះរីកកាន់តែធំ ។
ក្រុមអាជ្ញាធរអ៊ីរ៉ង់និយាយថា មនុស្សជាង ៣ពាន់នាក់ ត្រូវបានសម្លាប់នៅអ៊ីរ៉ង់ អំឡុងសង្រ្គាម ហើយទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ(UN) និយាយថា មនុស្សរហូតដល់ ៣,២លាននាក់ ត្រូវបានជម្លៀសខ្លួន ។
សហព័ន្ធកាកបាទក្រហម និងអឌ្ឍចន្ទក្រហមអន្តរជាតិ (IFRC) និយាយថា ពួកគេបានចែកចាយឧបករណ៍ព្យាបាលជំងឺប្រហែល ២០០គ្រឿង ក៏ដូចជាសំពត់តង់ និងភួយនៅលើរថយន្តធ្វើដំណើរតាមផ្លូវគោកថ្មីចេញពីប្រទេសទួរគី ។
លោក Tommaso Della Longa គឺជាអ្នកនាំពាក្យសហព័ន្ធ IFRC និយាយថា រថយន្តបានឆ្លងកាត់ចូលទៅក្នុងប្រទេសអ៊ីរ៉ង់កាលពីថ្ងៃអាទិត្យ ហើយបានទៅដល់ទីក្រុងតេអេរ៉ង់កាលពីថ្ងៃអង្គារ ។
លោកបាននិយាយប្រាប់សន្និសីទសារព័ត៌មាននៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីសថា សម្រាប់ពួកយើង វាសំខាន់ខ្លាំងណាស់ ពេលដែលវាតំណាងឲ្យផ្លូវថ្មីសម្រាប់នាំជំនួយចូលទៅកាន់ប្រទេសអ៊ីរ៉ង់ ហើយពួកយើងពិតជាមានសុទិដ្ឋិនិយមដែរថា ការចែកចាយជំនួយនឹងបន្តកើនឡើងបន្ថែមទៀត ៕