លោក Majed Al-Ansari គឺជាអ្នកនាំពាក្យក្រសួងការបរទេសកាតា និយាយកាលពីថ្ងៃអង្គារថា គ្មាននោះទេកិច្ចពិភាក្សារវាងកាតា និងអ៊ីរ៉ង់ ពាក់ព័ន្ធនឹងការចំណាយមូលនិធិ ដើម្បីបញ្ឈប់ការវាយប្រហាររបស់អ៊ីរ៉ង់លើកាតា ហើយការលើកឡើងថា កិច្ចពិភាក្សាបែបនេះបានធ្វើឡើង គឺមិនពិតនោះទេ ។
លោក Al-Ansari និយាយនៅក្នុងសន្និសីទសារព័ត៌មានថា មាននូវការសម្របសម្រួលកម្រិតខ្ពស់ជាមួយបងប្អូនរបស់ពួកយើងនៅប៉ាគីស្ថាន ជាមួយសហរដ្ឋអាមេរិក និងជាមួយភាគីផ្សេងទៀត ដើម្បីឲ្យបញ្ហារបស់ពួកយើង អាទិភាពរបស់ពួកយើង ស្ថិតនៅលើតុ ។
ប្រភពបាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ក្រុមចរចាមកពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ អាចនឹងវិលត្រឡប់ទៅកាន់ទីក្រុងអ៊ីស្លាម៉ាបាដវិញ ក្នុងសប្តាហ៍នេះ ដើម្បីចាប់ផ្តើមឡើងវិញកិច្ចចរចា បញ្ចប់សង្រ្គាម បន្ទាប់ពីបរាជ័យកាលពីចុងសប្តាហ៍មុន ជំរុញឲ្យទីក្រុងវ៉ាស៊ីនតោន បិទកំពង់ផែអ៊ីរ៉ង់ ។
ស្របពេលដែលការបិទច្រករបស់សហរដ្ឋអាមេរិក បង្កឲ្យមានវោហោសាស្រ្តដ៏ខឹងសម្បារពីទីក្រុងតេអេរ៉ង់ សញ្ញានៃការចូលរួមផ្នែកការទូត អាចនឹងបន្តជួយរម្ងាត់ទីផ្សារប្រេង ជំរុញឲ្យតម្លៃប្រេងឆៅធ្លាក់មកនៅក្រោម ១០០ដុល្លារក្នុង ១បារ៉ែលវិញ កាលពីថ្ងៃអង្គារ ។
កិច្ចពិភាក្សាកម្រិតខ្ពស់បំផុតរវាងបច្ចាមិត្តទាំង ២ ចាប់តាំងពីបដិវត្តន៍អ៊ិស្លាមឆ្នាំ ១៩៧៩ បានបញ្ចប់ទៅនៅក្នុងរដ្ឋធានីប្រទេសប៉ាគីស្ថានដោយពុំបានទម្លុះភាពទាល់ច្រកបាន កាលពីចុងសប្តាហ៍កន្លងទៅ បង្កឲ្យមានមន្ទិលសង្ស័យលើការរស់រានរបស់បទឈប់បាញ់រយៈពេល ២សប្តាហ៍ ដែលនៅសល់រយៈពេល ១សប្តាហ៍ទៀតប៉ុណ្ណោះ ៕