ក្រុមហ៊ុនវិភាគដែនសមុទ្រដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងឡុងដ៍ បាននិយាយនៅក្នុងរបាយការណ៍មួយដែលចេញផ្សាយកាលពីថ្ងៃពុធថា នាវាមួយចំនួន បានបំពានការបិទផ្លូវរបស់សហរដ្ឋអាមេរិក ដែលដាក់លើនាវាដែលចូល និងចេញពីកំពង់ផែអ៊ីរ៉ង់។
យោងតាមក្រុមហ៊ុន Windward នាវាដែលមានទង់ជាតិអ៊ីរ៉ង់មួយគ្រឿង បានចាកចេញពីកំពង់ផែ Bandar Abbas កាលពីថ្ងៃអង្គារ ឆ្លងកាត់ច្រកសមុទ្រហ័រមូស ហើយចូលទៅក្នុងឈូងសមុទ្រអូម៉ង់ ដែលជាឧទាហរណ៍ច្បាស់លាស់នៃការបំពានការបិទផ្លូវដោយជោគជ័យ។

របាយការណ៍នេះ ក៏បានបញ្ជាក់ផងដែរថា ចន្លោះថ្ងៃអង្គារ និងថ្ងៃពុធ នាវាដឹកប្រេងឆៅដ៏ធំមួយគ្រឿង មានទង់ជាតិក្លែងក្លាយ និងរងទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ត្រូវបានគេសង្កេតឃើញចូលទៅក្នុងច្រកសមុទ្រចូលតាមរយៈដែនទឹកអ៊ីរ៉ង់។ នាវានេះ ទំនងជាបានប្រើប្រាស់ផ្លូវឆ្នេរសមុទ្រ ដើម្បីកាត់បន្ថយការប៉ះពាល់ ហើយត្រូវបានវាយតម្លៃស្រដៀងគ្នាថា ជាការធ្វើនាវាចរណ៍បំពានការបិទផ្លូវ។
ទោះបីជាមានការអនុវត្តកាន់តែខ្លាំងឡើងក៏ដោយ របាយការណ៍នេះបានឲ្យដឹងថា ការបិទផ្លូវរបស់សហរដ្ឋអាមេរិក បានចាប់ផ្តើមកំណត់ប្រតិបត្តិការរបស់នាវា នៅក្នុងពេលវេលាជាក់ស្តែង ប៉ុន្តែមិនទាន់បានបញ្ឈប់នាវាដែលធ្វើដំណើរឆ្លងកាត់ និងជុំវិញច្រកសមុទ្រហ័រមូសនៅឡើយទេ៕
