អ្នកជំនាញសិទ្ធិមនុស្សមួយចំនួនធំរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃពុធ បានថ្កោលទោសសកម្មភាពយោធាចុងក្រោយរបស់អ៊ីស្រាអែលនៅលីបង់ ដោយព្រមានថា ទំហំ និងលក្ខណៈនៃការបំផ្លិចបំផ្លាញឆ្លុះបញ្ចាំងពីគំរូដែលបានកត់ត្រាពីមុននៅតំបន់ហ្កាហ្សា ហើយអាចស្មើនឹងការរំលោភច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។

នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ អ្នកជំនាញឯករាជ្យបានថ្កោលទោសចំពោះអ្វីដែលពួកគេបានពិពណ៌នាថា ជា «ការឈ្លានពានខុសច្បាប់ និងយុទ្ធនាការទម្លាក់គ្រាប់បែកដោយមិនរើសអើង» របស់អ៊ីស្រាអែលដែលបានចាប់ផ្តើម នៅថ្ងៃទី ០៨ ខែមេសា ត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីការប្រកាសពីកិច្ចព្រមព្រៀងឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលត្រូវបានសម្របសម្រួលដោយប៉ាគីស្ថាន។
ក្រុមអ្នកជំនាញបានអំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់នូវអរិភាពនៅលីបង់ ដោយលើកឡើងពីការស្លាប់ និងរបួសរបស់ជនស៊ីវិលកាន់តែច្រើនឡើង ការផ្លាស់ទីលំនៅយ៉ាងទូលំទូលាយ និងការបំផ្លិចបំផ្លាញបរិស្ថានដែលជម្លោះនេះ កំពុងបង្កឡើង។
ពួកគេបាននិយាយថា៖«យើងកំពុងឃើញការមិនគោរពទាំងស្រុងចំពោះសណ្តាប់ធ្នាប់ផ្លូវច្បាប់អន្តរជាតិ សម្រាប់ការទូត និងជាពិសេសចំពោះជីវិតរបស់ជនស៊ីវិល និងបរិស្ថាននៅប្រទេសលីបង់»៕
