ព្រឹត្តិការណ៍ នគរសង្គ្រាន្ត បានលើកយកសិល្បៈទស្សនីយភាពល្ខោនយីកេ រឿង អ្នកតាឃ្លាំងមឿង សម្តែងជូនបងប្អូនប្រជាជនខ្មែរបានទស្សនា និងរំលឹកដល់ការលះបង់ និងការបូជាជីវិតរបស់បុព្វបុរសខ្មែរ ដើម្បីជាតិ មាតុភូមិ និងប្រឆាំងការឈ្លានពានរបស់សត្រូវ។ សេនាមឿង គឺជាតួអង្គក្នុងប្រវត្តិសាស្ត្រខ្មែរ ចន្លោះសតវត្សទី១៦ ដែលបានលះបង់ និងបូជាជីវិតក្រុមគ្រួសារ និងសេនារបស់ខ្លួន ដើម្បីការពារទឹកដីពីការត្រួតត្រារបស់កងទ័ពបរទេស។
ទស្សនីយភាពនេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីភាពក្លាហានរបស់ សេនាមឿង ប៉ុន្នោះទេ ប៉ុន្តែបានបង្ហាញឱ្យឃើញថា កងទ័ព និងប្រជាជនខ្មែរតែងតែបង្ហាញសាមគ្គីភាពដ៏រឹងមាំក្នុងការរើបម្រះពីការឈ្លានពានពីបរទេស មកលើបូរណភាពទឹកដីខ្មែរនៅគ្រប់កាលទេសនៃប្រវត្តិប្រទេសកម្ពុជា។
ជាក់ស្តែងថ្មីៗនេះ នៅពេលប្រទេសកម្ពុជាទទួលការឈ្លានពានពីបរទេសមកលើបូរណភាពទឹកដីកម្ពុជា គេបានឃើញ បុព្វជិតសាសនា គ្រូពេទ្យ និងប្រជាជនគ្រប់ទិសទី បានចូលរួមដោយឥតរុញរា ជាមួយកងទ័ពជូរមុខ តាមរយៈការផ្គត់ផ្គងសម្ភារ ម្ហូបចំណី ថ្នាំពេទ្យ ជាពិសេសស្មារតីសាមគ្គីឯកភាពជាតិខ្មែរជាធ្លុងមួយជាមួយកងកម្លាំង និងបងប្អូនជនភៀសសឹក ដើម្បីជម្នះការលំបាករួមគ្នា។
សច្ចភាពទស្សនីយភាពប្រវត្តិសាស្ត្រ និងព្រឹត្តិការណ៍ថ្មីៗ ដែលកម្ពុជាបានជួបប្រទះ បានបញ្ជាក់ថា ប្រជាជនខ្មែរបានឱ្យតម្លៃលើសាមគ្គីភាព និងការឯកភាពជាតិ ដើម្បីភាពរឹងមាំរបស់ប្រទេសកម្ពុជា។







