ភ្នំពេញ៖ សម្ដេចអគ្គមហាសនេបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានចោទសួរទៅក្រុមអ្នកវិភាគ និងក្រុមប្រឆាំងជ្រុលនិយមនៅក្រៅស្រុកមួយក្ដាប់តូចដែលតែងតែចោទសួរមករដ្ឋាភិបាលម្ដងហើយម្ដងទៀតឱ្យបញ្ជាក់អំពីយន្តការទាមទារដីដែលភាគីថៃកំពុងឈ្លានពានមកវិញនោះថា តើក្រុមអ្នកវិភាគ និងប្រឆាំងផ្កាប់មុខទាំងអស់គ្នាចង់ឱ្យកម្ពុជាមានសង្គ្រាមម្ដងទៀតជាមួយថៃដើម្បីឱ្យកងទ័ព និងពលរដ្ឋពលី និងស្លាប់ទៀតឬយ៉ាងណា? ទើបពួកគេបន្តធ្វើសកម្មភាពជ្រុលនិយមបែបនេះ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់បែបនេះតាមរយៈសារសំឡេងពិសេសផ្ញើជូនជនរួមជាតិក្នុងពេលឆ្លើយតបទៅកាន់លោក សេង សារី ដែលបានផ្តល់បទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI ខេមរភាសា ពាក់ព័ន្ធនឹងការនិយាយមិនពិតថា សម្ដេចបានលុបសារពន្យល់ប្រជាពលរដ្ឋអំពីការប្រារព្ធពិធីចូលឆ្នាំថ្មីប្រពៃណីខ្មែរ។
ឆ្លើយតបទៅនឹងការផ្សាយព័ត៌មានមិនពិតរបស់លោក សេង សារី ដោយចោទប្រកាន់ថាសម្ដេចតេជោបានលុបសារ ដែលបានក្រោយបង្ហោះទៅកាន់ជនរួមជាតិ, សម្ដេចតេជោ បានប្រាប់ឱ្យទៅមើលក្នុងផែកហ្វេសប៊ុកសម្ដេចវិញ គឺសម្ដេចមិនដែលលុបសារដែលបានបង្ហោះហើយទេ។ សម្ដេចតេជោថ្លែងថា គ្មានហេតុផលដើម្បីលុបសារទេព្រោះនេះជាការដែលសម្ដេចនិយាយទៅកាន់ប្រជាពលរដ្ឋ ដែលជូនសារទៅកាន់ ពលរដ្ឋដែលប្រៀបធៀបថា «ការរបួសកូនដៃមួយកូនដៃមួយមិនគួរធ្វើឱ្យរាងកាយទាំងមូលពិការនោះទេ»។ សម្ដេចតេជោបានពន្យល់ថា ការប្រៀបធៀបនេះ មិនមែនសម្ដេចទុករឿងជាតិ ទឹកដីនោះស្មើជាមួយនឹងកូនដៃនោះទេ។ ប៉ុន្ដែយើងពិនិត្យមើលទំហំផ្ទៃដី ១៨១០៣៥ គីឡូម៉ែត្រការ៉េ តើមានការកាន់កាប់ពីភាគីថៃប៉ុន្មានហិកតា? ហើយប៉ុន្មានហិកតានេះមិនមែនក្លាយទៅជាដីថៃជាស្ថាពរទេ គឺកម្ពុជានៅបន្តការតស៊ូដើម្បីយកត្រឡប់មកវិញដោយមធ្យោបាយសន្ដិវិធី។
សម្ដេចតេជោបានថ្លែងថា ជម្រើសមានតែពីរទេក្នុងការទាមទារទឹកដីពីថៃមកវិញនេះ គឺជម្រើសទី១ វាយប្រហារ ដើម្បីដណ្ដើមយកទឹកដីនោះមកវិញ។ តើជម្រើសនេះ ពួកក្រុមប្រឆាំងហ៊ានមកចូលរួមទេ? ជម្រើសបែបនេះ គឺការប្រើប្រាស់ជីវិតទាហានដែលធ្វើឱ្យទានហានស្លាប់ និងរបួស, ធ្វើឱ្យប្រជាជនស្លាប់ និងរបួស និងបង្កើតឱ្យមានជនភៀសខ្លួនឡើងវិញ ដែលមានចំនួនរហូតទៅដល់ ៦០-៧០ម៉ឺននាក់ឯណោះ។ សម្ដេចបន្តចោទសួរថា តើជម្រើសនេះវាគួរទេ? ឬក៏ត្រូវបន្តជម្រើសសព្វថ្ងៃតាមរយៈពង្រឹងបទឈប់បាញ់ ហើយតាមរយៈនៃការចរចាដោះស្រាយតាមយន្តការដែលមានស្រាប់ដូចដែលមានចែងក្នុងកិច្ចព្រមព្រៀង សេចក្ដីថ្លែងការណ៍ឈប់បាញ់ ទាក់ទងទៅនឹងកថាខណ្ឌស្ដីអំពីដំណើរការវាស់វែងតាមព្រំដែនបន្តទៀតតាមយន្តការទ្វេភាគីដែលមានស្រាប់។
សម្ដេចតេជោបានបញ្ជាក់ថា អីចឹង ជម្រើសវាមានតែពីរទេ មួយវ៉ៃគ្នា, មួយទៀត គឺដោះស្រាយដោយសន្ដិវិធី។ ហើយរាជរដ្ឋាភិបាលគ្មានសិទ្ធិនឹងកាត់ទឹកដីឱ្យអ្នកណាទេ មិនថាកាត់ឱ្យទៅប្រទេសណាទេ រាជរដ្ឋាភិបាលគ្មានសិទ្ធិទេ។ យើងអត់ទទួលស្គាល់លើការប្រើប្រាស់កម្លាំង ដើម្បីកាន់កាប់លើការជាក់ស្ដែងទេ ក៏ប៉ុន្ដែពួកអ្នកទាំងឡាយមួយចំនួននៅក្រៅប្រទេសបានប្រើប្រាស់វិធីនេះ ធ្វើយ៉ាងនេះ វាមិនខុសពីការរុញភ្លើងកាន់តែឆេះកាន់តែខ្លាំង។ វាមិនត្រឹមតែរាលដាលសភាពការណ៍នៅតាមទល់ដែនទេ ប៉ុន្ដែវារាលដាលដល់បញ្ហាសេដ្ឋកិច្ច សង្គម និងធ្វើឱ្យស្ថានភាពកាន់តែអាក្រក់។
សម្ដេចថ្លែងថា អីចឹងទេ ពួកលោក សេង សាសរី សព្វថ្ងៃគិតពីអី? អ្នកដទៃគិតពីអី? ហើយថ្នាក់គ្រាន់តែចូលឆ្នាំក៏នាំគ្នាចូលឆ្នាំចូលមិនបាន? ហើយស្មានតែគេចូលឆ្នាំនឹង ឥឡូវកងទ័ពនៅទល់ដែន តើកងទ័ពនោះកំពុងតែដេកយំ ឬកងទ័ពនោះកំពុងតែទទួលបាននូវការយកចិត្តទុកដាក់? ប្រជាជនបើទោះបីជាជនភៀសខ្លួនក៏កំពុងត្រូវបានយកចិត្តទុកដាក់។ ករណីចូលឆ្នាំតើទៅឃាត់ទេវតាមិនឱ្យចុះទេ? ទៅឃាត់ប្រជាជនជិត ១៨ លាននាក់មិនឱ្យសប្បាយរីករាយទេ? វាមិនអាចទៅរួចទេកូន មិនអាចទៅរួចទេ!
សម្ដេចតេជោបានបញ្ជាក់ថា សង្គមមួយត្រូវមានចលនា បើទោះបីជាកូនដៃរបស់យើងកំពុងតែរុំរបួស តែយើងត្រូវតែព្យាបាល យើងប្រៀបធៀបទៅនឹងសេរីរាង្គរបស់យើង ខ្លួនប្រាណរបស់យើង។ យើងព្យាបាលវា តែយើងត្រូវតែធ្វើចលនា ដើម្បីឱ្យសេដ្ឋកិច្ច សង្គម វប្បធម៌ សាសនា របស់យើងបន្ត។ មិនអាចនឹងស្ថានភាពបែបនេះហើយ យើងនៅបន្តក្នុងស្ថានភាពដែលបង្កើតឱ្យមានរឿងរ៉ាវកាន់តែធំ។ ជម្លោះប្រដាប់អាវុធកើតឡើង កងទ័ពស្លាប់ របួស ប្រជាជនភៀសសឹកតទៅទៀតទេ តែត្រូវជំរុញឱ្យសេដ្ឋកិច្ច សង្គមបន្តដំណើរការ។
សម្ដេចតេជោ បានបន្តចោទសួរទៅក្រុមប្រឆាំងថា តើឱ្យរាជរដ្ឋាភិបាលយកជម្រើសវ៉ៃគ្នា ឬយកជម្រើសចរចាដោយសន្ដិវិធី ដើម្បីបញ្ចៀសនៅការស្លាប់ និងរបួសរបស់កងទ័ព, ការស្លាប់ និងរបួសរបស់ប្រជាជនខ្មែរ ការខូចខាត ហេដ្ឋារចនាសម្ព័ន្ធ ការនាំទៅដល់ ការជម្លៀសប្រជាជន ៦០-៧០ ម៉ឺននាក់ ថែមទៀត ឬក៏ត្រូវចរចាដោយសន្ដិវិធី។ ហើយរាប់ទាំងអាពួកប្រឆាំងនៅខាងក្រៅប្រទេសឱ្យសេនារីយោមកតើត្រូវវ៉ៃគ្នា ឬក៏ត្រូវចរចាអាហ្នឹងនិយាយគ្នាឱ្យច្បាស់មក។ សម្រាប់ខាងរដ្ឋាភិបាល គឺបានបញ្ជាក់ហើយ រក្សាឱ្យបាននូវកិច្ចព្រមព្រៀងឈប់បាញ់ ដើម្បីឈានទៅការវាសវែងព្រំដែន ដូចដែលមានចែងនៅក្នុងសេចក្ដីប្រកាសស្ដីពីបទឈប់បាញ់កាលពីខែធ្នូ ឆ្នាំ២០២៥។
គេនឹងបន្ត (ទាមទារយកទឹកដីមកវិញ) គេមិនចោលទេទឹកដីហ្នឹងនោះ គេមិនចោលទឹកដីហ្នឹងទេ ប៉ុន្ដែវាត្រូវប្រើពេល មិនមែនប្រើមួយថ្ងៃ ពីរថ្ងៃទេ។ វាអត់ត្រូវបើមួយថ្ងៃ ពីរថ្ងៃទេ វាត្រូវប្រើពេលច្រើនថ្ងៃ រយៈពេលវែង។ យើងគ្រាន់តែបទពិសោធន៍ កាលពីប្រាសាទព្រះវិហារ ការកាត់ក្ដីតាំងពីឆ្នាំ ១៩៥៩ ដល់ឆ្នាំ ១៩៦២ ទើបបានដោះស្រាយ។
សម្ដេចតេជោបានបញ្ជាក់ថា ក្រោយមកឆ្នាំ២០០៨ យើងស្នើឱ្យតុលាការអន្តរជាតិ ទីក្រុងឡាអេបកស្រាយ។ យើងក៏បានប្រើពេលហោចបំផុតពីឆ្នាំ ២០១១ ដល់ឆ្នាំ ២០១៣ ទើបតុលាការយុត្តិធម៌អន្តរជាតិបកស្រាយបាន។ អីចឹង តើពួកកូនឯងចង់ឱ្យយកមួយថ្ងៃ ពីថ្ងៃ? ដោយសារតែយើងត្រូវរងចាំរបៀបនេះ ហើយដើម្បីចៀសវាងនៅផ្លូវដើរ នៅការប្រើកម្លាំងប្រដាប់អាវុធ ដើម្បីដណ្ដើមយកទឹកដីយើងវិញដែលនាំដល់ការស្លាប់ និងរបួសកងទ័ពរបស់យើង បានជាយើងសុខចិត្តរៀបចំផ្ទះសម្បែងជាបណ្ដោះអាសន្នឱ្យបងប្អូនប្រជាពលរដ្ឋ ឬក៏កូន (សេង សារី) ឯងត្រូវការឱ្យ ស្លាប់ និងរបួសបន្ថែម ប្រជាជនស្លាប់ និងរបួសបន្ថែម ការខូចខាតនានាថែមទៀត បានពួកកូនឯងអស់ចិត្ត។ អីឡូវកូនឯងប្រាប់មក ប្រាប់ត្រង់ៗមក កុំនិយាយពាក្យកណ្ដាល និយាយថាវ៉ៃៗយក ព្រោះរដ្ឋាភិបាលបញ្ជាក់ហើយថាដោះស្រាយដោយសន្ដិវិធី៕






