ក្រុមអ្នកជួយសង្គ្រោះបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ១៦ មេសាសប្ដាហ៍នេះ ថា មនុស្ស ៨ នាក់នៅលើឧទ្ធម្ភាគចក្រដែលបាត់ខ្លួនត្រូវបានបញ្ជាក់ថាស្លាប់។ បំណែកពីឧទ្ធម្ភាគចក្រត្រូវបានរកឃើញនៅក្នុងខេត្តកាលីម៉ាន់តាន់ខាងលិច (West Kalimantan)របស់ប្រទេសឥណ្ឌូនេស៊ីនៅមុនថ្ងៃនោះ។

មន្ត្រីជួយសង្គ្រោះលោកអនុសេនីយ៍ឯក Nurrachman Gindha Dradhizya បាននិយាយថា ផ្នែកខ្លះនៃជនរងគ្រោះត្រូវបានរកឃើញនៅកន្លែងធ្លាក់។ លោកបាននិយាយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា សាកសពចំនួនបួននាក់ ត្រូវបានយកចេញដោយជោគជ័យ និងដាក់ក្នុងថង់សាកសព ខណៈសាកសពបីនាក់ផ្សេងទៀតនៅតែស្ថិតនៅក្នុងគំនរបាក់បែកឧទ្ធម្ភាគចក្រ នៅឡើយ។

យោងតាមបញ្ជីជើងហោះហើរ ឧទ្ធម្ភាគចក្របានដឹកមនុស្សចំនួនប្រាំបីនាក់។ សាកសពជនរងគ្រោះចុងក្រោយនៅតែកំពុងតាមស្វែងរករហូតមកដល់ពេលនេះ។ ទោះជាយ៉ាងណាក៏ដោយ ការជម្លៀសចេញមិនអាចបន្តបានទេដោយសារតែស្ថានភាពងងឹត។ក្រុមការងារបានសម្រេចចិត្តផ្អាកប្រតិបត្តិការជាបណ្តោះអាសន្ន ហើយនឹងបន្តនៅព្រឹកថ្ងៃសុក្រនេះទៀត។
លោក Dradhizya បានបន្ថែមថា ពួកលោកនឹងបន្តនៅព្រឹកថ្ងៃសុក្រនេះ រួមទាំងកិច្ចខិតខំប្រឹងប្រែងស្វែងរកតាមគំនរបំណែកឧទ្ធម្ភាគចក្រដើម្បីទាញយកសាកសពជាប់នៅខាងក្នុង៕