នៅថ្ងៃសុក្រ (ទី១៧ ខែមេសា ឆ្នាំ២០២៦) នេះ ទូរទស្សន៍រដ្ឋបានរាយការណ៍ថា ប្រធានាធិបតីថ្មីរបស់សហភាពមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង (Min Aung Hlaing) បានអនុម័តការលើកលែងទោសដល់អ្នកទោសចំនួន ៤.៣៣៥នាក់ ដែលជាការមានចំណាត់ការបែបនេះលើកទី៣ ក្នុងរយៈពេល ៣ខែកន្លងមកនេះ។

យ៉ាងណាក្ដី ឈ្មោះរបស់អ្នកដែលរួមបញ្ចូលក្នុងការលើកលែងទោសមិនត្រូវបានបង្ហាញ នៅក្នុងសេចក្តីប្រកាស នៅលើទូរទស្សន៍ MRTV ទេ។ ការលើកលែងទោសនេះ ជាធម្មតាធ្វើឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ាជារៀងរាល់ឆ្នាំ ដើម្បីអបអរសាទរទិវាឯករាជ្យរបស់ខ្លួនក្នុងខែមករា និងឆ្នាំថ្មីរបស់ខ្លួន នៅខែមេសា។
បើយោងតាមប្រព័ន្ធផ្សព្វផ្សាយ MRTV បានឲ្យដឹងទៀតថា ក្នុងចំណោមអ្នកទោសទាំង ៤.៣៣៥នាក់ដែលត្រូវដោះលែងនេះ មានជនបរទេសចំនួន ១៧៩នាក់ ដែលនឹងត្រូវនិរទេស។ ហើយដោយមិនបានពន្យល់លម្អិតឲ្យបានច្បាស់លាស់ សេចក្ដីរាយការណ៍នេះក៏បានលើកឡើងពីការបន្ថយទោសប្រហារជីវិតមកត្រឹមជាប់ទោសអស់មួយជីវិត ហើយទោសជាប់ពន្ធនាគារអស់មួយជីវិតមកត្រឹម ៤០ឆ្នាំ និងការបន្ថយទោស ១ភាគ៦ សម្រាប់អ្នកទោសផ្សេងទៀតផងដែរ។
គួរបញ្ជាក់ថា សមាគមជំនួយ សម្រាប់អ្នកទោសនយោបាយ ដែលជាក្រុមសិទ្ធិមនុស្ស បានឲ្យដឹងថា មនុស្សជាង ៣០.០០០នាក់ ត្រូវបានឃុំខ្លួនពីបទចោទប្រកាន់នយោបាយ ចាប់តាំងពីយោធាដឹកនាំដោយលោក មីន អ៊ុង លាំង វ័យ ៦៩ឆ្នាំ ដែលត្រូវបានសភាជ្រើសរើសជាប្រធានាធិបតីកាលថ្ងៃទី៣ ខែមេសា បានធ្វើរដ្ឋប្រហារប្រឆាំងនឹងរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី លោកស្រី អ៊ុង សាន ស៊ូជី (Aung San Suu Kyi) ក្នុងឆ្នាំ២០២១។
លោកស្រី ស៊ូជី កំពុងអនុវត្តទោសជាប់ពន្ធនាគាររយៈពេល ២៧ឆ្នាំ ពាក់ព័ន្ធនឹងបទល្មើសជាច្រើនដែលសម្ព័ន្ធមិត្តរបស់លោកស្រី បានលើកឡើងថា មានហេតុផលខាងនយោបាយ ដើម្បីធ្វើលោកស្រីឲ្យនៅឆ្ងាយពីឆាកនយោបាយ ដោយបទចោទទាំងនោះ មានរាប់ចាប់ពីការញុះញង់ និងអំពើពុករលួយ រហូតដល់ការក្លែងបន្លំការបោះឆ្នោត និងការរំលោភច្បាប់សម្ងាត់រដ្ឋ៕

