កងទ័ពលីបង់ បានរាយការណ៍អំពី «សកម្មភាពឈ្លានពាន» របស់អ៊ីស្រាអែលនៅថ្ងៃសុក្រនេះ ដោយនិយាយថា ពួកគេបានរំលោភលើបទឈប់បាញ់ដែលបានចូលជាធរមាននៅពាក់កណ្តាលអធ្រាត្រ ទោះបីជាបទឈប់បាញ់រយៈពេល ១០ថ្ងៃ បានបង្កើនក្តីសង្ឃឹមក្នុងការបញ្ឈប់ជម្លោះដ៏សាហាវអស់រយៈពេលជាច្រើនសប្តាហ៍ក៏ដោយ។
នៅក្នុងការបង្ហោះមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X នៅព្រឹកថ្ងៃសុក្រនេះ កងទ័ពលីបង់បានជំរុញឲ្យ ប្រជាជននៅភាគខាងត្បូងប្រុងប្រយ័ត្ន «ដោយសារតែការរំលោភបំពានមួយចំនួន» បន្ទាប់ពី «សកម្មភាពឈ្លានពានជាច្រើនរបស់អ៊ីស្រាអែល»។

ការព្រមាននេះ បានកើតឡើងភ្លាមៗ បន្ទាប់ពីការឈប់បាញ់ បានចាប់ផ្តើម ដោយទីភ្នាក់ងារសារព័ត៌មានជាតិដែលគ្រប់គ្រងដោយរដ្ឋលីបង់ បានរាយការណ៍អំពីការបាញ់ផ្លោងរបស់អ៊ីស្រាអែល នៅក្នុងភូមិភាគខាងត្បូងនៃ Khiam និង Dibbine ប្រហែល ៣០នាទី បន្ទាប់ពីបទឈប់បាញ់ ចូលជាធរមាន។ យោធាអ៊ីស្រាអែល បាននិយាយថា ខ្លួនកំពុងពិនិត្យមើលរបាយការណ៍ទាំងនេះ។
បទឈប់បាញ់ដែលប្រកាសដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មានគោលបំណងផ្អាកការប្រយុទ្ធគ្នារវាងកងកម្លាំងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហេសបូឡា នៅលីបង់ ទោះបីជាក្រុមនេះ មិនមែនជាភាគីនៃកិច្ចព្រមព្រៀងជាផ្លូវការក៏ដោយ។ កិច្ចព្រមព្រៀងនេះ ក៏ត្រូវបានគេមើលឃើញថា ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងទូលំទូលាយ ដើម្បីរក្សាបទឈប់បាញ់ស្របគ្នាដែលពាក់ព័ន្ធនឹងអ៊ីរ៉ង់ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល៕
