នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំនេះ ឃើញថា មានប្រជាពលរដ្ឋ ទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ បាននាំគ្នាមកលេងកម្សាន្ត នៅរមណីយដ្ឋានទឹកជួរកាំពី តំបន់ទេសចរណ៍នានា និងនៅតាមទីវត្តអារាម ក្នុងខេត្តក្រចេះយ៉ាងច្រើនកុះករ ពោរពេញដោយស្នាមញញឹមគ្រប់គ្នា។
គិតត្រឹមរយៈពេល០៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខេត្តក្រចេះ ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបមានចំនួន ៦៩,៩៦២នាក់។ នេះតាមការឲ្យដឹងពីមន្ទីរទេសចរណ៍ខេត្តក្រចេះ។
តាមការបញ្ជាក់ពីមន្ត្រីនៃមន្ទីរទេសចរណ៍ខេត្តក្រចេះ បានឲ្យដឹងថា គោលដៅទេសចរណ៍សំខាន់ៗដែលភ្ញៀវទេសចរទៅលេងកំសាន្តភាគច្រើន រួមមាន៖ ទឹកជួរទន្លេមេគង្គកាំពី អន្លង់ផ្សោត វិហារសសរ១០០ និងឆ្នេរសសរ១០០ វិមាន២ធ្នូ ឆ្នេរសុពណ៌គិរី និងភ្នំសុពណ៌កាឡី សួនសុបិនកោះច្រែង សហគមន៍ទេសចរណ៍ធម្មជាតិកោះទ្រង់ និងសហគមន៍អេកូទេសចរណ៍កោះព្រហ្មចារីជ្រោយបន្ទាយ ជាដើម។
ជាពិសេស រមណីយដ្ឋានទឹកជួរកាំពី ដោយសារមានលក្ខណៈពិសេសលើសពីតំបន់ទេសចរនានាក្នុងខេត្ត ផ្អែកលើស្ថានភាពភូមិសាស្ត្ររមណីយដ្ឋានទឹកជួរកាំពី មានកោះតូចៗនិងដើមឈើដុះយ៉ាងច្រើនជាម្លប់ត្រឈឹងត្រឈៃ និងមានទឹកល្បាកថ្មជាជួរៗ ស្រស់ស្អាត់ដ៏ត្រជាក់ បង្កើនការទាក់ទាញ់ដល់ភ្ញៀវជាតិ និងអន្តរជាតិមកលេងកំសាន្តនារដូវចូលឆ្នាំ ក៏ដូចជា ថ្ងៃឈប់សម្រាក់នារដូវប្រាំងនេះផងដែរ។
កត្តានេះហើយ បានធ្វើឲ្យប្រជាពលរដ្ឋ រួមទាំងភ្ញៀវទេសចរបាននាំគ្នាសម្រុកទៅលេងនៅក្នុងរមណីយដ្ឋាន ជួរកាំពីយ៉ាងច្រើន ដែលប្រជាពលរដ្ឋ និងភ្ញៀវទេសចរអាចចុះលេងទឹកទន្លេបាន ដែលធ្វើឲ្យអារម្មណ៍សប្បាយរីករាយស្រស់ថ្លា៕ ដោយ សេង ម័រ