អ៊ីរ៉ង់ បានថ្កោលទោសទណ្ឌកម្មចុងក្រោយរបស់សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ថា ជា «ភេរវកម្មសេដ្ឋកិច្ច» ខណៈទីក្រុងវ៉ាស៊ីនតោន បានប្រកាសពីយុទ្ធនាការថ្មីមួយដើម្បីដាក់សម្ពាធសេដ្ឋកិច្ចជាអតិបរមាលើសាធារណរដ្ឋអ៊ីស្លាមមួយនេះ។ ការថ្កោលទោសដ៏ខ្លាំងក្លា ចេញមកពីអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Esmaeil Baghaei ជាអ្នកដែលបានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីបង្ហាញពីជំហររបស់ប្រទេសលោក។
លោក Baghaei បានបង្ហោះនៅលើបណ្តាញផ្សព្វផ្សាយសង្គម X ថា «វាជារឿងដ៏គួរឱ្យស្អប់ខ្ពើមយ៉ាងខ្លាំង ដែលគោលនយោបាយបង្កការឈឺចាប់ និងការរងទុក្ខលំបាកដោយចេតនាទៅលើមនុស្សស្លូតត្រង់។ នេះបានបង្ហាញពីគំនិតអមនុស្សធម៌នៅពីក្រោយពួកគេ។ ទាំងនេះ គឺជាអំពើភេរវកម្មសេដ្ឋកិច្ច និងការជំរិតដែលឧបត្ថម្ភដោយរដ្ឋមួយនេះ ជាសកម្មភាពបង្កើតឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ហើយនៅក្នុងឥទ្ធិពលរួមរបស់ពួកគេ ដែលបង្កើតបានជាអំពើប្រល័យពូជសាសន៍»។
លោក Pete Hegseth រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅមន្ទីរបញ្ចកោណកាលពីថ្ងៃព្រហស្បតិ៍ថា ក្រសួងរតនាគារសហរដ្ឋអាមេរិកនឹងចាប់ផ្តើមប្រតិបត្តិការមួយមានឈ្មោះថា «កំហឹងសេដ្ឋកិច្ច» ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ដើម្បីបង្កើនសម្ពាធសេដ្ឋកិច្ច។
លោក Hegseth និយាយថា យោធាសហរដ្ឋអាមេរិកត្រៀមខ្លួនរួចរាល់ដើម្បីបន្តប្រតិបត្តិការប្រយុទ្ធ «ដោយមានកម្លាំងខ្លាំងជាងពេលណាៗទាំងអស់» ប្រសិនបើអ៊ីរ៉ង់ធ្វើការជ្រើសរើសខុស ហើយបដិសេធមិនឈានដល់កិច្ចព្រមព្រៀង។ លោកក៏បានពិពណ៌នាចំណាត់ការបិទផ្លូវកំពង់ផែអ៊ីរ៉ង់ដោយយោធារបស់សហរដ្ឋអាមេរិកថាជាមធ្យោបាយដ៏ទន់ភ្លន់បំផុតដើម្បីដោះស្រាយជម្លោះនាពេលពេលបច្ចុប្បន្ន។

