ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃព្រហស្បតិ៍ (ទី១៦ ខែមេសា ឆ្នាំ២០២៦) នេះ បានច្រានចោលតម្លៃប្រេងឥន្ធនៈខ្ពស់ ក្នុងអំឡុងពេលមានសង្គ្រាមរបស់លោក ជាមួយអ៊ីរ៉ង់ ដោយអះអាងថា ការខូចខាតសេដ្ឋកិច្ចដែលបង្កឡើងដោយសង្គ្រាម គឺមិនសូវធ្ងន់ធ្ងរជាងការរំពឹងទុកនោះទេ។

ដោយថ្លែងនៅក្នុងសាលជប់លៀងក្នុងសណ្ឋាគារមួយក្បែរ Las Vegas Strip នៅឯព្រឹត្តិការណ៍មួយដែលមានគោលបំណងលើកកម្ពស់ឥណទានពន្ធ សម្រាប់បុគ្គលិកដែលទទួលបានប្រាក់ទឹកតែ លោក Trump បាននិយាយថា៖ «យើងកំពុងមានអតិផរណាក្លែងក្លាយមួយចំនួន ដោយសារតែប្រេងឥន្ធនៈ តម្លៃថាមពល ដែលមនុស្សគ្រប់គ្នានិយាយថា នឹងឡើងដល់ ២៥០ដុល្លារ»។ ការលើកឡើងរបស់លោក ហាក់ដូចជាសំដៅទៅលើការប្រែប្រួលនៃតម្លៃប្រេងមួយបារ៉ែល ដែលបានកើនឡើងគួរឲ្យកត់សម្គាល់ អំឡុងសង្គ្រាម និងបានធ្លាក់ចុះក្រោម ៩៥ដុល្លារ កាលពីថ្ងៃទី១៦ ខែមេសា។
ការបង្ហាញខ្លួនរបស់លោក Trump ដើម្បីលើកតម្កើងឥណទានពន្ធនេះ បានធ្វើតាមយុទ្ធសាស្ត្រផ្ញើសារដ៏ទូលំទូលាយ ខណៈដែលសង្គ្រាមខិតជិតដល់រយៈពេល ២ខែហើយ។ នោះគឺការព្យាករពីទំនុកចិត្តលើសេដ្ឋកិច្ច និងទីផ្សារភាគហ៊ុនដែលកំពុងងើបឡើងវិញ ខណៈពេលដែលមិនអើពើនឹងផលវិបាកហិរញ្ញវត្ថុដោយសារជម្លោះ។
លោកប្រធានាធិបតីមិនបាននិយាយអ្វីច្រើន អំពីតម្លៃប្រេងឥន្ធនៈទេ ដែលលើសពី ៥ដុល្លារ ក្នុងមួយហ្គាឡុង នៅស្ថានីយប្រេងឥន្ធនៈជាច្រើននៅទីក្រុង Las Vegas ឬការកើនឡើងនូវតម្លៃសំបុត្រយន្តហោះ ដែលត្រូវបានជំរុញដោយសារតម្លៃប្រេងឥន្ធនៈឡើងខ្ពស់៕
