កងកម្លាំងជួយសង្គ្រោះឥណ្ឌូនេស៊ី កាលបីល្ងាចថ្ងៃព្រហស្បតិ៍ (ទី១៦ ខែមេសា ឆ្នាំ២០២៦) បានបញ្ជាក់ថា មនុស្សទាំង ៨នាក់ នៅលើឧទ្ធម្ភាគចក្រដែលបានបាត់ការទាក់ទងមុននេះ នៅក្នុងខេត្ត West Kalimantan បានបាត់បង់ជីវិតទាំងអស់ បន្ទាប់ពីមានកិច្ចប្រឹងប្រែងស្វែងរកអស់រយៈពេលជាច្រើនម៉ោង។

បំណែកឧទ្ធម្ភាគចក្រ ត្រូវបានរកឃើញ នាព្រឹកព្រលឹមថ្ងៃនោះ នៅក្នុងតំបន់ព្រៃក្រាស់ដែលមានសណ្ឋានដីភ្នំរដិបរដុប នៅក្នុងខេត្ត West Kalimantan។
មន្ត្រីម្នាក់ដែលពាក់ព័ន្ធនឹងប្រតិបត្តិការជួយសង្គ្រោះ បាននិយាយថា សាកសពមនុស្ស ៤នាក់ ត្រូវបានរកឃើញ នៅកន្លែងកើតហេតុនោះ ខណៈដែលសាកសព ៣នាក់ផ្សេងទៀត នៅតែជាប់ក្នុងតួយន្តហោះ។
យោងតាមបញ្ជីជើងហោះហើរ បានឲ្យដឹងថា ឧទ្ធម្ភាគចក្រនេះកំពុងដឹកមនុស្សចំនួន ៨នាក់។ ក្រុមជួយសង្គ្រោះកំពុងបន្តកិច្ចប្រឹងប្រែង ដើម្បីស្វែងរកជនរងគ្រោះចុងក្រោយ។
ឥណ្ឌូនេស៊ី ដែលជាប្រទេសប្រជុំកោះធំជាងគេបំផុតរបស់ពិភពលោក ពឹងផ្អែកយ៉ាងខ្លាំងទៅលើការដឹកជញ្ជូនតាមផ្លូវអាកាស ដើម្បីភ្ជាប់តំបន់ដាច់ស្រយាលរបស់ខ្លួន។ តែយ៉ាងណាក្ដី ប្រទេសនេះបានកត់ត្រាគ្រោះថ្នាក់អាកាសចរណ៍ធ្ងន់ធ្ងរមួយចំនួន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្នុងខែមករា ឆ្នាំ២០២៦ នេះ ឧទ្ធម្ភាគចក្រ ១គ្រឿងជួលដោយក្រសួងនេសាទឥណ្ឌូនេស៊ី បានធ្លាក់ទៅលើជម្រាលភ្នំ នៅកោះ Sulawesi ដោយបានសម្លាប់មនុស្សទាំង ១០នាក់ដែលជិះនៅលើនោះ៕

