ប្រធានាធិបតីលីបង់ លោក Joseph Aoun នៅថ្ងៃសុក្រ (ទី១៧ ខែមេសា ឆ្នាំ២០២៦) នេះ បានលើកឡើងថា ការចរចាដោយផ្ទាល់ជាមួយអ៊ីស្រាអែល គឺមានសារៈសំខាន់ណាស់ មួយថ្ងៃបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសពីបទឈប់បាញ់ រវាងប្រទេសទាំង២ និងកិច្ចប្រជុំនាពេលខាងមុខ រវាងមេដឹកនាំនៃភាគីទាំង២។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចែករំលែកដោយប្រធានាធិបតី លោក Aoun បាននិយាយថា «ការចរចាដោយផ្ទាល់ គឺមានសារៈសំខាន់ណាស់។ ហើយបទឈប់បាញ់គឺជាច្រកផ្លូវ ដើម្បីបន្តដំណើរការការចរចា» ដោយលោកបានបញ្ជាក់ជាថ្មីថា គោលដៅរបស់ទីក្រុងបេរូត គឺ «ពង្រឹងបទឈប់បាញ់ ធានាការដកកងកម្លាំងរបស់អ៊ីស្រាអែលចេញពីដែនដីកាន់កាប់ភាគខាងត្បូង នាំអ្នកទោសត្រឡប់មកស្រុកកំណើតវិញ និងដោះស្រាយជម្លោះព្រំដែនដែលនៅសេសសល់»។
យ៉ាងណាក្ដី ព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងឈប់បាញ់ដែលចែករំលែកដោយក្រសួងការបរទេសអាមេរិក មិនបានលើកឡើងអំពីការដកកងកម្លាំងអ៊ីស្រាអែលចេញពីប្រទេសលីបង់នោះឡើយ។
គួរបញ្ជាក់ថា បទឈប់បាញ់ ដែលប្រកាសដោយលោក Trump កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ត្រូវបានកំណត់ឲ្យមានរយៈពេល ១០ថ្ងៃ ហើយអនុញ្ញាតឲ្យអាជ្ញាធរលីបង់ និងអ៊ីស្រាអែល បន្តចរចាគ្នា។ ការផ្អាកនេះអនុវត្តចំពោះតែការវាយប្រហារតាមអាកាសប៉ុណ្ណោះ ខណៈដែលអ៊ីស្រាអែលបានប្រកាសថា កងទ័ពរបស់ខ្លួន នឹងនៅតែស្ថិតនៅភាគខាងត្បូងនៃប្រទេសលីបង់៕