រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយថា ច្រកសមុទ្រ Hormuz បានបើកសម្រាប់នាវាពាណិជ្ជកម្ម។ លោក Araghchi បានប្រកាសកាលពីថ្ងៃសុក្រថា ច្រកសមុទ្រយុទ្ធសាស្ត្រមួយនេះ «បានបើកទាំងស្រុងហើយ» ស្របតាមបទឈប់បាញ់រវាងអ៊ីស្រាអែល និងលីបង់ ដែលបានចូលជាធរមានកាលពីថ្ងៃមុននេះ។

លោក Trump បានបញ្ជាក់នៅលើបណ្តាញផ្សព្វផ្សាយសង្គមថា ច្រកសមុទ្រ Hormuz បានបើក ហើយក្រោយមកអះអាងថា អ៊ីរ៉ង់បានព្រមព្រៀងថា «មិនបិទច្រកសមុទ្រ Hormuz ម្តងទៀតឡើយ»។ ទោះជាយ៉ាងណា លោកក៏បានបង្ហោះផងដែរថា ការបិទផ្លូវរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិកចំពោះកំពង់ផែអ៊ីរ៉ង់នឹង «នៅតែមានជាធរមានពេញលេញ»។ មេដឹកនាំពិភពលោក បានស្វាគមន៍ព័ត៌មាននេះដោយមានសុទិដ្ឋិនិយមដ៏ប្រុងប្រយ័ត្ន ក្នុងពេលមានសារចម្រុះពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។

នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោក Keir Starmer បានសហការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលស្តីពីបេសកកម្មយោធាដើម្បីធានាសុវត្ថិភាពនៅច្រកសមុទ្រ Hormuz ជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron នៅទីក្រុងប៉ារីសកាលពីថ្ងៃសុក្រ ដោយមានប្រទេសជិត៥០ចូលរួមដោយផ្ទាល់ ឬតាមរយៈសន្និសីទវីដេអូ។ ថ្លែងបន្ទាប់ពីកិច្ចប្រជុំ លោក Macron បាននិយាយថា «យើងទាំងអស់គ្នា ទាមទារឱ្យមានការបើកច្រកសមុទ្រ Hormuz ឡើងវិញយ៉ាងពេញលេញ ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌដោយគ្រប់ភាគីទាំងអស់»។ អធិការបតី លោក Friedrich Merz បាននិយាយថា អាល្លឺម៉ង់ អាចរួមចំណែកដល់ការបោសសម្អាតគ្រាប់មីន និងសមត្ថភាពស៊ើបការណ៍សម្ងាត់ចំពោះបេសកកម្មអន្តរជាតិ ប៉ុន្តែនឹងត្រូវការការគាំទ្រពីសភា និង «មូលដ្ឋានច្បាប់ដែលមានសុវត្ថិភាព» ដូចជាសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ជាដើម។ លោកបាននិយាយថា លោកចង់ឱ្យសហរដ្ឋអាមេរិកចូលរួមនៅក្នុងបេសកកម្មអន្តរជាតិដើម្បីធានាដល់ការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ Hormuz។ ប្រធានាធិបតីហ្វាំងឡង់ លោក Alexander Stubb ដែលបានចូលរួមក្នុងកិច្ចប្រជុំកំពូលទីក្រុងប៉ារីស បាននិយាយនៅលើបណ្តាញ X ថា «យើងស្វាគមន៍ការប្រកាសរបស់អ៊ីរ៉ង់ស្តីពីការបើកច្រកសមុទ្រ ហើយដំណោះស្រាយយូរអង្វែង តម្រូវឱ្យមានផ្នែកការទូត»។ ជាមួយគ្នានេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃសុក្របានស្វាគមន៍ការបើកច្រកសមុទ្រ Hormuz ដោយអ៊ីរ៉ង់ និងបាននិយាយថា «វាជាជំហានមួយក្នុងទិសដៅដ៏ត្រឹមត្រូវ»។