អគ្គលេខាធិការអង្គការសហប្រជាជាតិ(UN)លោក Antonio Guterres បានថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារលើតំបន់ភាគខាងត្បូងលីបង់ដែលបានសម្លាប់ទាហានបារាំងម្នាក់ និងមនុស្ស ៣នាក់ផ្សេងទៀត បានរងរបួស ស្របពេលដែលពួកគេកំពុងបោសសម្អាតផ្លូវ ។
នៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម X ប្រមុខ UN រូបនេះ បានជំរុញឲ្យភាគីទាំងអស់ គោរពការបញ្ឈប់អរិភាព និងបទឈប់បាញ់ ហើយរូបលោកបានផ្តល់មរណទុក្ខចំពោះគ្រួសារ មិត្តភ័ក្តិ និងសហការីអ្នកថែរក្សាសន្តិភាពដែលត្រូវបានសម្លាប់ ។

ក្រុមថែរក្សាសន្តិភាព UNIFIL និយាយថា សមាជិក ៣នាក់ផ្សេងទៀតរបស់ពួកគេ បានរងរបួស ក្នុងនោះសមាជិក ២នាក់ រងរបួសធ្ងន់ នៅក្នុងការវាយប្រហារមួយដែលក្រុមថែរក្សាសន្តិភាព UNIFIL និងក្រុមមន្រ្តីបារាំងនិយាយថា វាបង្កឡើងដោយក្រុមហេសបូឡាគាំទ្រអ៊ីរ៉ង់ ។
សូមបញ្ជាក់ថា ក្រុមថែរក្សាសន្តិភាព UNIFIL ត្រូវបានដាក់ពង្រាយលើកដំបូងទៅកាន់ប្រទេសលីបង់ កាលពីឆ្នាំ ១៩៧៨ ហើយនិងបន្តចូលរួមបេសកកម្មនៅក្នុងជម្លោះជាច្រើន រួមទាំងសង្រ្គាមឆ្នាំ ២០២៤ ពេលដែលទីតាំងឈរជើងរបស់ពួកគេ រងការបាញ់ប្រហារម្តងហើយម្តងទៀត ៕
