ប្រធានាធិបតីប្រេស៊ីលលោក Luiz Inacio Lula da Silva និងនាយករដ្ឋមន្រ្តីអេស្ប៉ាញលោក Pedro Sanchez បានដឹកនាំការជួបជុំគ្នារបស់ក្រុមនិយមឆ្វេងនៅទីក្រុង Barcelona កាលពីថ្ងៃសៅរ៍ ដើម្បីការពារពហុភាគីនិយម និងចល័តចលនាឆ្វេងនិយមប្រឆាំងនឹងស្តាំនិយមជ្រុល ។

លោក Sanchez និងលោក Lula គាំទ្រគោលនយោបាយវឌ្ឍនភាពសកល ហើយនិងបញ្ជាក់ឡើងវិញពីគោលជំហរប្រឆាំងសង្រ្គាមរបស់ពួកគេ លើឆាកអន្តរជាតិ ។
ការជួបជុំគ្នាដែលត្រូវបានរៀបចំឡើងដោយអេស្ប៉ាញ និងបណ្តាញក្រុមនយោបាយឆ្វេងនិយមនេះ បានកើតមានឡើង ស្របពេលមានការកាត់យ៉ាងឆាប់រហ័សជំនួយមនុស្សធម៌ ការធ្វើអន្តរាគមន៍ផ្នែកយោធា និងការគំរាមកំហែងបោះបង់ចោលអង្គការណាតូរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ដែលធ្វើឲ្យរង្គោះរង្គើរដល់ស្ថានភាពទំនាក់ទំនងអន្តរជាតិ និងបានជំរុញឲ្យមានការគិតឡើងវិញពីភក្ដីភាពសកល ។
សូមបញ្ជាក់ថា មេដឹកនាំអេស្ប៉ាញ និងប្រេស៊ីល គឺជាអ្នករិះគន់ឥតសំចៃមាត់ចំពោះរដ្ឋបាលរបស់លោក Trump ក្នុងនោះលោក Sanchez បាននិយាយរិះគន់យ៉ាងខ្លាំង ជុំវិញបញ្ហាសង្រ្គាមអ៊ីរ៉ង់ ។ មេដឹកនាំទាំង ២ បានប្រឈមផងដែរការប្រកួតប្រជែងកើនឡើងពីក្រុមនិយមស្តាំជ្រុល នៅការបោះឆ្នោតនាពេលខាងមុខនេះ ៕
