លោក Hussein al-Ezzi មេដឹកនាំម្នាក់របស់ចលនានេះ ដែលកាន់តំណែងជាអនុរដ្ឋមន្ត្រីក្រសួងការបរទេសនៅក្នុងរដ្ឋាភិបាលដែលបង្កើតឡើងដោយក្រុមហ៊ួទី បានបញ្ជាក់ថា ក្រុមហ៊ួទីមកពីចលនាឧទ្ទាម Ansar Allah នៅប្រទេសយេម៉ែន បានបញ្ជាក់ពីការត្រៀមខ្លួនរបស់ពួកគេក្នុងការបិទច្រកសមុទ្រ Bab el-Mandeb ដែលបំបែកឧបទ្វីបអារ៉ាប់ចេញពីទ្វីបអាហ្វ្រិក មិនឲ្យដឹកជញ្ជូនទំនិញអន្តរជាតិឆ្លងកាត់ ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ( Donald Trump) នៅក្នុងតំបន់នេះ។

លោកបានសរសេរនៅលើទំព័ររបស់លោកនៅលើបណ្តាញសង្គម X ថា៖«ប្រសិនបើទីក្រុង Sanaa សម្រេចចិត្តបិទច្រកសមុទ្រ Bab el-Mandeb ទាំងប្រជាជន និងអង្គភាពផ្សេងទៀត នឹងមិនអាចបើកច្រកនេះ បានឡើយ។ ដូច្នេះ លោក ត្រាំ និងអ្នកដែលផ្គាប់ចិត្តលោក គួរតែបញ្ចប់សកម្មភាព និងគោលនយោបាយទាំងអស់ដែលរារាំងសន្តិភាពជាបន្ទាន់ ហើយបង្ហាញពីការគោរពចាំបាច់ចំពោះសិទ្ធិរបស់ប្រជាជន និងប្រទេសរបស់យើង»។

នៅថ្ងៃទី ០២ ខែមេសា អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាននៅក្នុងរដ្ឋាភិបាលរបស់ក្រុមហ៊ួទី លោក Mohammed Mansour បានព្រមានថា ចលនាឧទ្ទាមយេម៉ែន Ansar Allah អាចនឹងបិទច្រកសមុទ្រ Bab el-Mandeb ដែលបំបែកឧបទ្វីបអារ៉ាប់ពីទ្វីបអាហ្វ្រិក មិនត្រឹមតែក្នុងករណីមានការកើនឡើងប្រឆាំងនឹងអ៊ីរ៉ង់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង ដើម្បីការពារចលនាស៊ីអ៊ីតហេសបូឡា នៅក្នុងប្រទេសលីបង់ផងដែរ។ យោងតាមលោក ស្ថានភាពបែបនេះ នឹងនាំឲ្យមានវិបត្តិថាមពលជាមិនខាន ដោយតម្លៃប្រេងឡើងដល់ ២០០ដុល្លារ ក្នុងមួយបារ៉ែល៕