ចិន៖ តំណាងអចិន្ត្រៃយ៍របស់ប្រទេសចិនប្រចាំនៅអង្គការសហប្រជាជាតិលោក Zhang Jun បានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារថា ប្រទេសចិនជំរុញឲ្យគោរពតាម ឬធ្វើតាមច្បាប់មនុស្សធម៌អន្តរជាតិនៅអ៊ុយក្រែន និងដើម្បីបញ្ចៀសការយកបញ្ហាទាំងនោះធ្វើជារឿងនយោបាយ។

លោកថា យើងបានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ឲ្យអនុវត្តន៍តាមច្បាប់មនុស្សធម៌អន្តរជាតិ ការពារសុវត្ថិភាពជនស៊ីវិល និងលំនៅឋានជនស៊ីវិល កុំឲ្យមានជនស៊ីវិលស្លាប់ ធានាសុវត្ថិភាព និងដំណើរការល្អលើច្រករបៀងមនុស្សធម៌សម្រាប់ការជម្លៀសមនុស្ស និងជំនួយមនុស្សធម៌ និងការធានាសិទ្ធិជាមូលដ្ឋានដល់ស្ត្រី កុមារ អ្នករងរបួស និងក្រុមអ្នកប្រយុទ្ធដែលត្រូវបានឃុំខ្លួន។ ប្រេសិតពិសេសរបស់ចិនរូបនេះនិយាយថា បញ្ហាមនុស្សធម៌គួរតែកុំយកទៅឡូកឡំបង្កើតជាបញ្ហានយោបាយ។ លោក Zhang Jun បានប្រាប់ថា សហរដ្ឋអាមេរិក សម្ព័ន្ធណាតូ និងសហភាពអឺរ៉ុបគួរតែចូលរួមក្នុងការសន្ទនាឲ្យបានទូលំទូលាយជាមួយរុស្ស៊ី ដើម្បីដោះស្រាយភាពខ្វែងគំនិតគ្នា៕
អត្ថបទ៖ សុខមាន