បុរសម្នាក់ដែលជាឪពុក បានបាញ់សម្លាប់កូនរបស់ខ្លួនឯងដល់ទៅ ៧នាក់ និងអនីតិជនម្នាក់ទៀត ក្នុងឧបទ្ទេវហេតុហិង្សាក្នុងគ្រួសារ នៅទីក្រុង Shreveport រដ្ឋ Louisiana សហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យ ។
លោក Christopher Bordelon គឺជាអ្នកនាំពាក្យនាយកដ្ឋាននគរបាលក្រុង Shreveport និយាយថា ជនសង្ស័យនៅក្នុងករណីប្រើអំពើហិង្សាក្នុងគ្រួសារនេះ ត្រូវបានកំណត់អត្តសញ្ញាណរួចហើយថាមានឈ្មោះ Shamar Elkins ។
លោកបន្តថា គាត់គឺជាឪពុករបស់កូនទាំង ៧នាក់ ដែលត្រូវបានសម្លាប់នៅក្នុងផ្ទះមួយនេះ ។ មាននូវក្មេងទី ៨ ត្រូវបានសម្លាប់ផងដែរ ក៏ដូចជាស្រ្តី ២នាក់ បានជាប់ពាក់ព័ន្ធនឹងករណីហិង្សានេះ ។ ស្រ្តីទាំង ២នាក់នោះ រងរបួសត្រូវគ្រាប់កាំភ្លើង ហើយម្នាក់ក្នុងចំណោមពួកគេ ស្ថិតក្នុងស្ថានភាពគំរាមកំហែងដល់អាយុជីវិត និងស្រ្តីម្នាក់ទៀត ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ តែគេរំពឹងថា នឹងអាចជាសះស្បើយបាន ។

លោកនិយាយទៀតថា ស្រ្តីម្នាក់ដែលរងការបាញ់ប្រហារ គឺជាម្តាយរបស់ក្មេងទាំង ៧នាក់ ហើយក្រោយបាញ់ប្រហាររួច ជនសង្ស័យ បានប្លន់រថយន្តមួយគ្រឿង រួចបើករថយន្តរត់គេចខ្លួន ។ នគរបាលបានដេញតាមជនសង្ស័យ ចូលទៅក្នុងសង្កាត់ Bossier Parish ជាទីដែលពួកគេបានបាញ់សម្លាប់រូបគាត់ ។
បច្ចុប្បន្ន នគរបាលរដ្ឋ Louisiana កំពុងបើកការស៊ើបករណីបាញ់ប្រហាររបស់ជនសង្ស័យ ។ នគរបាលនិយាយថា ពួកគេកំពុងធ្វើការ ដើម្បីកំណត់មូលហេតុនៃការបាញ់សម្លាប់គ្រួសារខ្លួនឯងមួយពូជបែបនេះ ។
អភិបាលក្រុង Shreveport លោក Tom Arceneaux បានធ្វើដំណើរទៅកាន់កន្លែងប្រព្រឹត្តឧក្រិដ្ឋកម្ម ហើយលោកនិយាយថា វាគឺជាហេតុការណ៍កើតឡើងគួរឲ្យតក់ស្លត់បំផុត ។
ដោយឡែក លោក Mike Johnson គឺជាប្រធានសភាសហរដ្ឋអាមេរិកដែលមានដើមកំណើតមកពីទីក្រុង Shreveport បានចាត់ទុកការបាញ់ប្រហារនេះ ថាជាសោកនាដកម្មដ៏គួរឲ្យឈឺចាប់ជាទីបំផុត ៕
