មន្ត្រីអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យបន្តកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតឆ្ពោះទៅរកបទឈប់បាញ់នៅអ៊ុយក្រែន នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទ ទី២០ ខែមេសា។

លោក Khaled Khiari មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកកិច្ចការនយោបាយរបស់អង្គការសហប្រជាជាតិ បាននិយាយថា «វាមានសារៈសំខាន់ខ្លាំង ដែលសហគមន៍អន្តរជាតិនៅតែយកចិត្តទុកដាក់ និងចូលរួមក្នុងផ្នែកការទូតដែលត្រូវបានសម្របសម្រួលក្នុងបំណងធានាឱ្យមានបទឈប់បាញ់ពេញលេញ ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ»។

លោកស្រី Joyce Msuya មន្ត្រីជាន់ខ្ពស់ផ្នែកជំនួយរបស់អង្គការសហប្រជាជាតិ បាននិយាយថា ជនស៊ីវិល និងបុគ្គលិកមនុស្សធម៌ត្រូវតែបានការពារ។ លោកស្រីនិយាយថា «សូម្បីតែសង្គ្រាម ក៏មានច្បាប់របស់វាដែរ។ ជនស៊ីវិល រួមទាំងបុគ្គលិកមនុស្សធម៌ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដែលជនស៊ីវិលពឹងផ្អែក ត្រូវតែបានការពារ»។
លោកស្រី Tammy Bruce ឯកអគ្គរដ្ឋទូតរងសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន បានបន្តគាំទ្រ «ការបញ្ចប់សង្គ្រាមដែលបានចរចា និងមានរយៈពេលយូរ ដើម្បីបញ្ឈប់ការបង្ហូរឈាម»។ លោកស្រី បាននិយាយថា សហរដ្ឋអាមេរិកនឹងផ្តល់មូលនិធិចំនួន២៥លានដុល្លារសម្រាប់កម្មវិធីមួយក្នុងគោលបំណងគាំទ្រដល់ការវិលត្រឡប់វិញរបស់កុមារអ៊ុយក្រែនដែលត្រូវបានផ្ទេរទៅកាន់ប្រទេសរុស្ស៊ី ឬដែនដីគ្រប់គ្រងដោយរុស្ស៊ី។