ប្រជានុរាស្ត្រខ្មែរ បាននាំគ្នាបួងសួងថ្វាយព្រះពរព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឱ្យឆាប់សះស្បើយពីព្រះរោគ ក្រោយបានដំណឹងថាទ្រង់ទទួលការវះកាត់ព្រះរោគដោយជោគជ័យ នៅទីក្រុងប៉េកាំង ប្រទេសចិន។

ប្រជានុរាស្ត្រទាំងឡាយ មានសេចក្ដីសោមនស្ស និងត្រេកអរជាអនេក បន្ទាប់ពីបានទទួលព័ត៌មានថា ការព្យាបាលដោយការវះកាត់ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានប្រព្រឹត្តទៅដោយជោគជ័យ ក្នុងនោះគឺព្រះរាជសុខភាព និងព្រះកាយពលរបស់ព្រះអង្គមានស្ថានភាពប្រសើរឡើងវិញជាលំដាប់។
ប្រជានុរាស្ត្រ បានសម្តែងនូវទឹកចិត្តនឹករលឹកជាពន់ពេកដល់ព្រះករុណាព្រះព្រះមហាក្សត្រ និងថ្វាយព្រះពរព្រះអង្គឆាប់បានសះស្បើយពីព្រះរោគ មានព្រះកាយពលល្អបរិបូរណ៍ឡើងវិញ ដើម្បីយាងនិវត្តបន្តមកគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់កូនចៅ និងប្រជានុរាស្ត្ររបស់ព្រះអង្គជានិច្ចតទៅ។
គួរបញ្ជាក់ថា ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានព្រះរោគមហារីកនៅក្រពេញប្រូស្តាត (Prostate Cancer) ។ បច្ចុប្បន្ន ព្រះអង្គត្រូវបន្តយាងគង់ប្រថាប់នៅមន្ទីរពេទ្យ នៃទីក្រុងប៉េកាំង ដើម្បីបន្តតាមដានពិនិត្យព្រះរោគបន្តទៀត ក្រោយការវះ កាត់ទទួលបានជោគជ័យ ដោយយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យនៅទីនោះ៕ អត្ថបទ៖ លីហេង

