ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទ បានថ្កោលទោសចំពោះការសម្លាប់អ្នករក្សាសន្តិភាពបារាំងម្នាក់ នៅប្រទេសលីបង់ នាពេលថ្មីៗនេះ ដែលការស្លាប់របស់លោក ត្រូវបានបារាំងស្តីបន្ទោសថាជាទង្វើរបស់ក្រុមហេសបូឡា។

បុរសជនជាតិបារាំងរូបនេះ ត្រូវបានសម្លាប់ និងបីនាក់ផ្សេងទៀត រងរបួស នៅពេលដែលអង្គភាពរបស់ពួកគេ ត្រូវបានវាយឆ្មក់កាលពីថ្ងៃសៅរ៍ ខណៈពេលដែលពួកគេកំពុងធ្វើដំណើរទៅកាន់ប៉ុស្តិ៍កងកម្លាំង បណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅលីបង់ (UNIFIL) ដែលកាត់ផ្តាច់ចេញពីការប្រយុទ្ធគ្នារវាងក្រុមហេសបូឡា និងអ៊ីស្រាអែល។

សេចក្តីថ្លែងការណ៍មួយពីស្ថាប័នអង្គការសហប្រជាជាតិ បាននិយាយថា៖«សមាជិកនៃក្រុមប្រឹក្សាសន្តិសុខ បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការវាយប្រហារនេះ និងបានបញ្ជាក់ជាថ្មីនូវការគាំទ្រពេញលេញរបស់ពួកគេចំពោះ UNIFIL»៕