ទូរទស្សន៍គ្រប់គ្រងដោយរដ្ឋ IRIB របស់អ៊ីរ៉ង់ បានរាយការណ៍នៅថ្ងៃអង្គារ (ទី២១ ខែមេសា ឆ្នាំ២០២៦) នេះថា រហូតមកដល់ពេលនេះ មិនមានគណៈប្រតិភូអ៊ីរ៉ង់ធ្វើដំណើរទៅកាន់ប្រទេសប៉ាគីស្ថានឡើយ ដើម្បីធ្វើកិច្ចចរចាជុំមួយទៀត ជាមួយសហរដ្ឋអាមេរិក។
ប្រព័ន្ធផ្សព្វផ្សាយនេះ បានឲ្យដឹងថា៖ «រហូតមកដល់ពេលនេះ មិនមានគណៈប្រតិភូអ៊ីរ៉ង់ធ្វើដំណើរទៅកាន់ទីក្រុងអ៊ីស្លាម៉ាបាដរបស់ប្រទេសប៉ាគីស្ថានឡើយ មិនថា គណៈប្រតិភូសំខាន់ ឬគណៈប្រតិភូលំដាប់ទី២ បឋម ឬបន្ទាប់បន្សំ»។

IRIB បានបន្ថែមថា របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយជាច្រើន ដែលថា គណៈប្រតិភូអ៊ីរ៉ង់នឹងធ្វើដំណើរទៅកាន់ប្រទេសប៉ាគីស្ថាន ឬថា កិច្ចចរចាត្រូវបានគ្រោងទុកសម្រាប់ល្ងាចថ្ងៃចន្ទ (ទី២០ ខែមេសា ឆ្នាំ២០២៦) ឬព្រឹកថ្ងៃអង្គារ «គឺមិនពិត» នោះឡើយ។
សេចក្ដីរាយការណ៍នេះ ក៏បានដកស្រង់សម្តីរបស់មន្ត្រីអ៊ីរ៉ង់កាលពីល្ងាចថ្ងៃអាទិត្យផងដែរ ដោយបង្ហាញថា «ការបន្តចូលរួមក្នុងកិច្ចចរចា អាស្រ័យលើការផ្លាស់ប្តូរឥរិយាបថរបស់ភាគីអាមេរិក» ហើយថា ទីក្រុងតេអេរ៉ង់បដិសេធការចរចា «ក្រោមស្រមោលនៃការគំរាមកំហែង»។
គួរបញ្ជាក់ថា ប្រទេសប៉ាគីស្ថាន បានរៀបចំកិច្ចចរចា រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កាលពីថ្ងៃទី ១១-១២ ខែមេសា បន្ទាប់ពីសម្របសម្រួលឲ្យមានបទឈប់បាញ់រយៈពេល ១៤ថ្ងៃ នៅថ្ងៃទី៨ ខែមេសា ដែលត្រូវផុតកំណត់នៅថ្ងៃពុធ។ កិច្ចប្រឹងប្រែង សម្រាប់ការចរចាជុំមួយទៀត នៅទីក្រុងអ៊ីស្លាម៉ាបាដ កំពុងដំណើរការ តែនៅតែមានភាពមិនប្រាកដប្រជាដដែល៕
