ភ្នំពេញ៖ អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ បានវាយតម្លៃថា កម្ពុជា បានផ្ដល់ភាពជាដៃគូដ៏ល្អ ជាមួយប្រព័ន្ធអង្គការសហប្រជាជាតិ និងបានសន្យាថា ប្រព័ន្ធអង្គការសហប្រជាជាតិ ប្ដេជ្ញាបន្តគាំទ្រកម្ពុជា។
លោកជំទាវ ប៉ូលីន ថាមីស៊ីស (Pauline Tamesis) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំប្រទេសកម្ពុជា ក្នុងពេលចូលជួបសំដែងការគួរសម និងជម្រាបលា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី៧ ខែមេសានេះ បានវាយតម្លៃថា ក្នុងអាណត្តិការងាររបស់លោកស្រីនៅកម្ពុជា គឺកម្ពុជា មានភាពជាដៃគូល្អ កិច្ចសហប្រតិបត្តិការល្អ ការប្ដេជ្ញាខ្ពស់ចំពោះពហុភាគីនិយម ចូលរួមចំណែកក្នុងការរក្សាសន្តិភាព ស្ថិរភាពពិភពលោក និងការដឹកនាំដ៏មានប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ-១៩ ដែលទាំងនេះសុទ្ធសឹងជាជោគជ័យដែលជាគំរូ មិនត្រឹមតែ សម្រាប់ប្រទេសនានាទេ ប៉ុន្តែជាបទពិសោធន៍ ដែលអាចយកទៅប្រើបាននៅពេលអនាគត។ នេះបើតាមការឱ្យដឹងរបស់ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ។
លោកជំទាវ បានគោរពជម្រាបជូនសម្ដេចតេជោថា ប្រព័ន្ធអង្គការសហប្រជាជាតិ ប្ដេជ្ញាបន្តគាំទ្រកម្ពុជា តាមរយៈវិស័យសក្ដានុពល ដូចជាទី១. វិនិយោគលើធនធានមនុស្ស។ ទី២. ជំរុញការប្រើប្រាស់ ប្រព័ន្ធឌីជីថល និងទី៣. ការប្រែប្រួលអាកាសធាតុ និងសេដ្ឋកិច្ចបៃតង។
សម្ដេចតេជោ បានយល់ស្របជាមួយនឹងការលើកឡើងរបស់លោកជំទាវ ប៉ូលីន ហើយសម្តេចក៏ បានថ្លែងអំណរគុណចំពោះលោកជំទាវ ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជា ជាពិសេសថ្មីៗនេះ ក្នុងការប្រយុទ្ធប្រឆាំងកូវីដ-១៩។
សម្ដេចតេជោ បានលើកឡើងពីការចូលរួមរបស់ប្រព័ន្ធអង្គការសហប្រជាជាតិ ក្នុងការដែលកម្ពុជា អនុញ្ញាតឲ្យចូលចតកប៉ាល់វេស្ទើដាម ។ ប្រសិនបើកម្ពុជា មិនទទួលឲ្យចូលថតទេ មិនដឹងជាវាសនារបស់ អ្នកធ្វើដំណើរនៅលើកប៉ាល់នោះទៅជាយ៉ាងណានាពេលនោះ។
សម្ដេចតេជោ បានជម្រាបជូនលោកជំទាវប៉ូលី និងប្រតិភូនូវយុទ្ធសាស្ត្រផ្ការីក ដែលបានប្រើប្រាស់ សម្រាប់ប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ ជាមួយការបន្តយកចិត្តទុកដាក់លើកិច្ចគាំពារសង្គម និងវិស័យសុខាភិបាល។
ជាទីបញ្ចប់ សម្ដេចតេជោ បានថ្លែងអំណរគុណលោកជំទាវ ប៉ូលីន សារជាថ្មី និងតាមរយៈលោក ជំទាវ ដល់ប្រព័ន្ធអង្គការសហប្រជាជាតិទាំងអស់ ដែលបានចូលរួមចំណែក និងឆ្លងកាត់ការលំបាក ជាមួយកម្ពុជា៕អត្ថបទ៖ មុត សុទ្ធ




