ស្ថាប័នឧស្សាហកម្មដែលតំណាងឲ្យអ្នកផ្គត់ផ្គង់បច្ចេកវិទ្យា បានឲ្យដឹងថា បញ្ហានៃការអនុវត្តបម្រាមបណ្ដាញសង្គម សម្រាប់ក្មេងជំទង់របស់ប្រទេសអូស្ត្រាលី ឆ្លុះបញ្ចាំងពីការមានឧបករណ៍ខ្សោយរបស់វេទិកាបណ្ដាញសង្គម សម្រាប់ដំណើរការការត្រួតពិនិត្យអាយុ ជាជាងការកម្រិតលើបច្ចេកវិទ្យា។
ការអត្ថាធិប្បាយទាំងនេះកើតឡើងនៅពេលដែលនិយតករបង្កើនការព្រមានការអនុវត្ត លើក្រុមហ៊ុនបច្ចេកវិទ្យាធំៗមួយចំនួនរបស់ពិភពលោក ទាក់ទងនឹងការហាមប្រាមអ្នកប្រើប្រាស់បណ្ដាញសង្គមរបស់អូស្ត្រាលីដែលមានអាយុក្រោម ១៦ឆ្នាំ ចាប់តាំងពីខែធ្នូឆ្នាំមុន ដែលជាការមានវិធានការបែបនេះដំបូងគេរបស់ពិភពលោក។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Iain Corby នាយកប្រតិបត្តិនៃសមាគមអ្នកផ្តល់សេវាផ្ទៀងផ្ទាត់អាយុ (AVPA) បានលើកឡើងថា៖ «បញ្ហាមិនមែនដោយសារសមត្ថភាពទេ តែវាគឺជាការអនុវត្ត។ ចំណុចខ្វះខាតដំបូង បានបង្ហាញពីតម្រូវការ សម្រាប់ការរំពឹងទុក និងការអនុវត្តឲ្យកាន់តែខ្លាំងក្លា ជាជាងបច្ចេកវិទ្យាធានាអាយុមិនដំណើរការ»។
ស្នងការសុវត្ថិភាពអេឡិចត្រូនិក (eSafety) របស់អូស្ត្រាលី កំពុងស៊ើបអង្កេតបណ្ដាញសង្គម Facebook និង Instagram របស់ក្រុមហ៊ុន Meta, YouTube របស់ Google, TikTok និង Snap ពាក់ព័ន្ធនឹងការសង្ស័យ ដែលថា បានរំលោភលើច្បាប់ហាមឃាត់នេះ។ វេទិកានានាប្រឈមនឹងការពិន័យរហូតដល់ ៤៩,៥លានដុល្លារអូស្ត្រាលី (៣៥លានដុល្លារអាមេរិក) រាល់ការរំលោភបំពាន ហើយរដ្ឋាភិបាលបញ្ជាក់ថា ខ្លួនកំពុងប្រមូលភស្តុតាង ដើម្បីគាំទ្រវិធានការរបស់តុលាការសហព័ន្ធ ប្រសិនបើការអនុលោមតាមច្បាប់ មិនមានភាពល្អប្រសើរទេនោះ៕

