ប្រទេសចិន នៅថ្ងៃពុធ (ទី២២ ខែមេសា ឆ្នាំ២០២៦) នេះ បានព្រមានថា ស្ថានភាព នៅតំបន់មជ្ឈិមបូព៌ា កំពុងស្ថិតក្នុង «ដំណាក់កាលសំខាន់ណាស់» បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានពន្យាររយៈពេលនៃបទឈប់បាញ់ ដើម្បីអាចឲ្យអ៊ីរ៉ង់មានពេលវេលាបន្ថែមទៀត ក្នុងការចរចា។
លោក Trump បានបន្ថែមរយៈពេលដោយគ្មានកំណត់ ចំពោះបទឈប់បាញ់រយៈពេល ២សប្តាហ៍ កាលពីថ្ងៃអង្គារ ដោយទីក្រុងតេអេរ៉ង់មិនទាន់ឆ្លើយតបនៅឡើយទេ ប៉ុន្តែលោកបានបញ្ជាក់ថា ការបិទផ្លូវដោយសហរដ្ឋអាមេរិក ចំពោះកំពង់ផែរបស់អ៊ីរ៉ង់ នឹងបន្តមានដដែល។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានប្រាប់សន្និសីទសារព័ត៌មានថា៖ «ស្ថានភាពក្នុងតំបន់បច្ចុប្បន្ននេះ ស្ថិតនៅក្នុងដំណាក់កាលសំខាន់ណាស់ ក្នុងការផ្លាស់ប្តូរ រវាងសង្គ្រាម និងសន្តិភាព។ អាទិភាពចម្បងនៅតែជាការប្រឹងប្រែងគ្រប់យ៉ាង ដើម្បីទប់ស្កាត់ការបន្តអរិភាព»។

យ៉ាងណាក្ដី លោក Guo មិនបានធ្វើអត្ថាធិប្បាយដោយផ្ទាល់លើបទឈប់បាញ់ឡើយ នៅពេលត្រូវបានសួរអំពីវា ដោយលោកគ្រាន់តែបន្ថែមថា ទីក្រុងប៉េកាំងនឹងបន្តដើរតួនាទី «ប្រកបដោយការស្ថាបនា»៕
